គិត​មក​ដល់​ពេលនេះ ជិត​មួយ​សប្ដាហ៍​ហើយ​ដែល​ជនរងគ្រោះ​ដោយសារ​រញ្ជួយ​ដី​នៅ​ភូមា បន្ត​រក​ឃើញ​អ្នក​ស្លាប់កើនជាង ៣០០០នាក់

 សង្គម
 ០៥ មេសា ២០២៥
 27
ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថាក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចុះ​ទៅ​ដល់​តំបន់​រងគ្រោះ បាន​មើល​ឃើញ​ជនរងគ្រោះ​កំពុង​ខ្វះខាត​ខ្លាំង ដូចជា​ថ្នាំសង្កូវ ទឹក​ស្អាត និង​ស្បៀងអាហារ ជាកត្តាសំខាន់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។ យ៉ាងណាក្រុមមន្រ្តីបានអំពាវនាវបណ្តាប្រទេសអ្នកមានបន្តជួយដល់ប្រទេសមីយ៉ាន់ម៉ា។
ជាមួយ​គ្នា​នេះ អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ លោក Stephane Dujarric បាន​និយាយ​ថា ក្រុម​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ ត្រូវតែ​ខិតខំ​យ៉ាង​ឆាប់​រហ័ស ដើម្បី​ផ្តល់​ការ​សង្គ្រោះ​មុន​រដូវភ្លៀង​ចូល​ដល់​នា​ពេល​ខាងមុខ ដែល​នឹង​ធ្វើ​ឲ្យ​វិបត្តិ​ដ៏​អាក្រក់​នេះ​កាន់តែ​អាក្រក់​ទៅៗ។
បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​ភូមា អ្នកស្រី Julie Bishop បាន​និយាយ​ថា សង្គ្រាម​ស៊ីវិល​នៅ​ភូមា បាន​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ជាង ៣​លាន ៥​សែន​នាក់។ អ្នកស្រី Julie Bishop ជា​ជនជាតិ​អូស្ត្រាលី បាន​ទទូច​ឱ្យ​ភាគី​កំពុង​ចម្បាំង​គ្នា​នៅ​ភូមា បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ ដើម្បី​ឱ្យ​មាន​ដំណើរការ​ការងារ​មនុស្សធម៌ និង​ធានា​សុវត្ថិភាព​បុគ្គលិក​ផ្តល់​ជំនួយ​អន្តរជាតិ​ចូល​ទៅ​ដល់​តំបន់​រញ្ជួយ​ដី។
សូមបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា ប្រទេស​ភូមា និង​ប្រទេស​ថៃ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​រង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​ក្នុង​កម្លាំង ៧,៧​រ៉ិចទ័រ ដោយ​បាន​វាយ​រំលំ​អគារ​ជាច្រើន ជាពិសេស​នៅ​ប្រទេស​ភូមា តំបន់​ចំនួន​៣ បាន​រងគ្រោះ​ខ្លាំង​ក្នុង​តំបន់​នៅ​ក្រុង​ម៉ាន់ដាឡេ តំបន់​នៅ​ក្រុង​ណៃភិដោរ និង​តំបន់​ទីក្រុង​យ៉ាំងហ្គន។ ក្រុមជួយសង្គ្រោះនៃ​ប្រទេស​ភូមា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី បាន​បន្ត​កើន ៣០១៣នាក់ ខណៈ​តួលេខ​នេះ​អាច​នឹង​បន្ត​កើន​ដល់​លើស លើសនេះបន្ថែមទៀត។
ជាមួយ​គ្នា​នេះ​ដែរ អ្នក​រង​របួស​ក៏​បាន​បន្ត​កើន​ដល់​ចំនួន ៤៦៣៩​នាក់ ចំណែកឯ ៣៧៣​នាក់ នៅ​បន្ត​បាត់​ខ្លួន។ គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង​បាងកក ដែល​កម្រិត​ធ្ងន់ ៧,៧​រ៉ិចទ័រ ដោយ​បង្ក​ការ​រំញ័រ​ដល់​តំបន់​ជាច្រើន ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង​បាងកក និង​ភាគ​ខាងជើង​ប្រទេស​ថៃ។ គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិចទ័រ បាន​វាយប្រហារ​ភូមា និង​ប្រទេស​ថៃ កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា គឺជា​គ្រោះ​រញ្ជួយ​ដី​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ១​សតវត្សរ៍​នៅ​ប្រទេស​អាស៊ាន​ពីរ​នេះ។

អត្ថបទដោយ៖ cambodia-nation-media