ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី វាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល
ជារួមឯកឧត្តម កែវ រ៉េមី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងស្មារតីចង់ចេះចង់ដឹងរបស់សិក្ខាកាម បានយ៉ាងល្អប្រសើរ ស្របតាមទិសដៅវែងឆ្ងាយរបស់សហព័ន្ធ ដែលមានបំណងចង់បញ្ជ្រាបអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាទៅក្នុងការប្រកួតអន្ដរជាតិនានា ជាមួយអាជ្ញាកណ្ដាល-ចៅក្រមប្រទេសផ្សេងៗ ដើម្បីបង្ហាញពីភាពស្មើមុខស្មើមាត់ ក៏ដូចជាកម្រិតនៃការយល់ដឹងបច្ចេកទេស សមត្ថភាពរបស់កម្ពុជា ក្នុងវិស័យតេក្វាន់ដូ ITF។
ឯកឧត្តមបន្ដថា «បើសិនយើងមានអាជ្ញាកណ្ដាល-ចៅក្រម ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ទី១-គឺយើងលើកមុខមាត់កម្ពុជាពីសមត្ថភាពធនធានមនុស្សរបស់យើងក្នុងវិស័យកីឡាតេក្វាន់ដូ ITF ។ ទី២-ប្រទេសជាច្រើនក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ក្ដី អាស៊ីក្ដី ឬពិភពលោកក្ដី គេមកយកចិត្តយើង ព្រោះគេដឹងថា យើងមានអាជ្ញាកណ្ដាល-ចៅក្រមរបស់យើងលាយជាមួយគេ ។ ទី៣-ជួយខ្លួនយើងផ្ទាល់ មានន័យថា ជួយយើងផ្ទាល់ក្នុងកម្រិតមួយថា បើយើងឈ្នះដាច់ គេពិបាកដាក់ពិន្ទុបន្លំយើងណាស់ ក៏ប៉ុន្ដែនៅពេលដែលប្រហាក់ប្រហែលគ្នា ក៏យើងនៅតែសង្ឃឹមដែរ ករណីបើមានអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាយើងកាត់សេចក្ដីក្នុងការប្រកួតនោះ»។
យ៉ាងណាម៉ិញការបញ្ជ្រាបអាជ្ញាកណ្ដាល-ចៅក្រម ទៅក្នុងព្រឹត្តិការណ៍អន្ដរជាតិ មិនមែនជារឿងងាយស្រួលនោះទេ ដែលទាមទារក្រៅពីចំណេះដឹងបច្ចេកទេស ក៏ត្រូវខ្លាំងផ្នែកភាសាដូចគ្នា ។ ការណ៍នេះ សហព័ន្ធនឹងខិតខំពង្រឹងផ្នែកភាសាបន្ថែម ដើម្បីជំរុញអាជ្ញាកណ្ដាល-ចៅក្រមជំនាន់ក្រោយឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីវិឌ្ឍន៍ខ្លួនក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ និងបញ្ជ្រាបពួកគេទៅក្នុងការប្រកួតកីឡាកម្រិតអន្ដរជាតិនានា នៅកំឡុងចាប់ពីឆ្នាំ២០២៦ ឬឆ្នាំ២០២៧ តទៅ។
លោក ប៉ាល់ ជីវ័ន ជំនួយការវគ្គខាងលើបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ រយៈពេលជិត ១សប្ដាហ៍នេះ មានសិក្ខាកាមចូលរួម ៣០នាក់ មកពី ១២ក្រសួង និងរាជធានី-ខេត្ត ដែលបង្រៀនដោយឯកឧត្តម ប៊ួនហ៊ីង សុធីយ៉ា និងលោក ហ៊ឹម រីដា ។ ជាលទ្ធផលក្រោយការសិក្សា ទាំងទ្រឹស្ដី និងការអនុវត្ត ក៏ដូចជាការប្រឡង គឺមានសិក្ខាកាមជាប់និទ្ទេសល្អ ១៣នាក់, និទ្ទេសល្អបង្គួរ ១៦នាក់ និងនិទ្ទេសមធ្យម ១នាក់៕ អត្ថបទដោយ៖ cambodia-nation-media