ឧបនាយករដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលើកសរសើរគណៈកម្មការរៀបចំការប្រកួត ដែលបានលើកយកប្រធានបទ«កីឡាបង្កើនបញ្ញាស្មារតី»

 កីឡា
 ០៨ មិថុនា ២០២៥
 26

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា វាយតម្លៃខ្ពស់ និងកោតសរសើរគណៈកម្មការរៀបចំការប្រកួតដែលបានលើកយកប្រធានបទ «កីឡាបង្កើនបញ្ញាស្មារតី» ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ។

«កីឡាបង្កើនបញ្ញាស្មារតី»៖ គឺក្នុងគោលបំណង បំផុសដសកម្មភាបអប់រំកាយ និងកីឡា, ជួយបំផុសស្មារតីឱ្យសិស្សចូលរួមលេងកីឡា ដើម្បីសុខភាព ការរីកចម្រើនបញ្ញាស្មារតី កាយសម្បទាមាំមួន ឆន្ទៈមុះមុត, ជំរុញ និងលើកទឹកចិត្តសល់សិស្សានុសិស្សលេងកីឡា ដើម្បីចូលរួមការប្រកួតបង្កើនសមត្ថភាព បច្ចេកទេស ដែលនឹងអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលល្អៗ និងអាចមានឱកាសចូលរួមក្រុមជម្រើសជាតិ, បង្កើនការជួបជុំ បង្កបរិយាកាសសប្បាយរីករាយ ផ្លាស់ប្តូរបទពិសោធ បង្កើនសមត្ថភាព សាមគ្គីភាព បង្កើតការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែស្អិតរមួតរវាងសិស្សពីខេត្តមួយទៅខេត្តមួយ ដើម្បីរួមរស់ជាមួយគ្នាយ៉ាងល្អប្រសើរនៅក្នុងសង្គមជាតិ។

យោងតាមរបាយការណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី០៦ ដល់ទី១៥ ខែមិថុនា ឆ្នាំ២០២៥ លើ១៤ប្រភេទកីឡា ក្នុងចំណោម ១២៤វិញ្ញាសា។ សិក្សានុសិស្ស ៣៦២០នាក់ មកពីបណ្តារាជធានីខេត្តចំនួន២៥។ ការប្រកួតធ្វើឡើងនៅលើទីលានចំនួន១៣ទីតាំង៕

អត្ថបទដោយ៖ cambodia-nation-media