ប្រដាល់សកល៖ណូវ៉ែល, វីរៈ និងសុវណ្ណ មានជំនឿចិត្តខ្ពស់ឈ្នះមេដាយជូនជាតិ តែក៏មានក្តីបារម្ភផងដែរ
មុនចេញដំណើរទៅចូលរួមការប្រកួតកីឡាប្រដាល់សកលកម្រិតអាស៊ី កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ឡុង ណូវ៉ែល ប្តេជ្ញាយ៉ាងមុតមាំថា រូបគេនឹងខិតខំប្រឹងប្រែងប្រជែងយកមេដាយជូនជាតិឱ្យបាន ដ្បិតការប្រកួតនៅក្រៅស្រុកជាលើកដំបូងរបស់ខ្លួនក៏ដោយ។ «សម្រាប់ការត្រៀមខ្លួនរបស់ខ្ញុំគឺបានរួចរាល់ ៧០ ទៅ៨០ភាគរយ ការហ្វឹកហាត់បានពេញល្អ ទាំងព្រឹក និងល្ងាច និងការលោតអន្ទាក់ដើម្បីយកហ្ស៊ូស។ សម្រាប់ការចេញទៅប្រកួតលើកទី១របស់ខ្ញុំ នឹងប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។ នេះជាការលើកឡើងរបស់កីឡាករ ណូវ៉ែល ដែលត្រូវវាយលើប្រភេទទម្ងន់ ៥១គីឡូក្រាម។
ចំណែកកីឡាករជើងថ្មីនៃជម្រុំជម្រើសជាតិប្រដាល់សកលកម្ពុជា រ៉ុន វីរៈ បង្ហាញអារម្មណ៍ដូចគ្នាដែរថា រូបគេគឺបានប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការដណ្តើមយកមេដាយជូនជាតិ បើទោះបីជាការចេញប្រឡូកលើកដំបូងក៏ពិតមែន។ វីរៈ និយាយថា៖«ខ្ញុំបានត្រៀមខ្លួនរយចរាល់ហើយក្នុងការចេញទៅប្រកួតដើម្បីដណ្តើមយកមេដាយជូនជាតិមាតុភូមិ។ ខ្ញុំក៏មានក្តីបារម្ភផងដែរព្រោះនេះជាការចេញប្រកួតក្រៅស្រុកលើកដំបូង»។
រីកីឡាករប្រដាល់សកលអាជីព នា សុវណ្ណ បានលើកឡើងស្រដៀងគ្នាដែរថា ការចេញទៅចូលរួមប្រកួតកម្រិតយុវជនអាស៊ី អាយុក្រោម២២ឆ្នាំ នៅស្រីលង្កានេះ រូបគេបានប្តេជ្ញាយ៉ាងមុតគត់ហើយថា នឹងអាចឈ្នះមេដាយក្នុងកម្រិតណាមួយ តែក៏មានក្តីបារម្ភចំពោះប្រភេទទម្ងន់របស់គេ។ សុវណ្ណ និយាយថា៖«ខ្ញុំត្រៀមខ្លួនបាន ៨០ភាគរយហើយ។ ខ្ញុំទុកចិត្តលើខ្លួនឯងបើទោះបីជាខ្ញុំបានធ្វើគីឡូអស់ក៏ពិតមែន»។
បេសកម្មនេះទាំង ណូវ៉ែល វីរៈ និងសុវណ្ណ រំពឹងថានឹងមានការគាំទ្រពីពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជា ពិសេសគឺការផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត ជូនពរសម្រាប់ពួកគេទាំង០៣រូប។ សូមបញ្ជាក់ថា ណូវ៉ែល គេវាយលើប្រភេទទម្ងន់៥១គីឡូក្រាម, វីរៈ វាយលើប្រភេទទម្ងន់៦០គីឡូក្រាម និងសុវណ្ណ វាយលើប្រភេទទម្ងន់ ៤៨គីឡូក្រាម៕
អត្ថបទដោយ៖ cambodia-nation-media