ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះអនុស្សរណៈជាមួយមូលនិធិការងារអន្ដរជាតិជប៉ុន
ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើជាអធិបតីនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុង
គោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន៕ អត្ថបទដោយ៖ cambodia-nation-media