ប្រធានសហព័ន្ធគុនខ្មែរ នឹងកោះហៅ ធារ៉ា មកអប់រំណែនាំ ជៀសវាងការប្រព្រឹត្តខុស និងបង្ហាញគំរូមិនល្អដល់សង្គម

 កីឡា
 ១៧ ឧសភា ២០២៥
 45
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ករណីបែកធ្លាយវិដេអូ របស់កីឡាករប្រដាល់គុនខ្មែរជួរមុខ ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិក(វ៉េប) ក្នុងនាមសហព័ន្ធនឹងកោះហៅមកអប់រំណែនាំ ដើម្បីជៀសវាងការប្រព្រឹត្តខុសនាំឱ្យប៉ះពាល់ដល់សុខភាព និងបង្ហាញគំរូមិនល្អដល់សង្គម។ ថ្លែងប្រាប់សារព័ត៌មាន CNM តាមសារអេឡិត្រូនិក តេឡេក្រាម នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមប្រធានសហព័ន្ធគុនខ្មែរ បានមានប្រសាសន៍ថា៖«ករណី ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិក នេះសហព័ន្ធនឹងកោះហៅគាត់មកជួបដើម្បីសួរនាំ ក៏ដូចជាអប់រំណែនាំកុំអោយប្រព្រឹត្តិទង្វើរដែលប៉ះពាល់ដល់សុខភាព និងជាគំរូមិនល្អដល់សង្គមទៀតនៅថ្ងៃអនាគត»។ យ៉ាងណាសារព័ត៌មាន CNM មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោកគ្រូ អេភូថង និងកីឡាករ ធឿន ធារ៉ា បាននៅឡើយទេគិតត្រឹមថ្ងៃទី១៧ ឧសភា នេះ។ បើតាមរយៈវិដេអូសារព័ត៌មានក្នុងស្រុកលោកគ្រូ អេ បញ្ជាក់ថាមិនបានដឹងរឿង ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិកទេ តែលោកដឹងត្រឹមថាដល់ម៉ោងហ្វឹកហាត់ ធារ៉ា ហាត់ធម្មតា។   សូមបញ្ជាក់ផងដែរថា ករណីបែកធ្លាយវិដេអូដែលបង្ហាញពីកីឡាករជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជាប្រភេទទម្ងន់៧២គីឡូក្រាម ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិក ក្នុងបន្ទប់ដោយស្ថានភាពសាមញ្ញ នៅពុំទាន់ដឹងពីដើមចមសាច់រឿងច្បាស់នៅឡើយទេ មហាជនមួយចំនួនលើកឡើងថា នោះជាវិដេអូ និងរូបភាពចាស់។ ជាមួយសាច់រឿងដ៏ក្តៅគគុកនេះដែរ មន្រ្តីសហព័ន្ធក៏កំពុងយកចិត្តទុកដាក់សិក្សាបន្ថែមលើបញ្ហាដែលបានកើតឡើង។ អ្នកគាំទ្រមួយចំនួនក៏បង្ហាញអារម្មណ៍ស្រងាកចិត្តជាខ្លាំងបន្ទាប់ពីបានឃើញនូវអាកប្បកិរិយាតាមរយៈវិដេអូក្លីបខ្លីរបស់កីឡាករប្រដាល់ជួរមុខរបស់គុនខ្មែរ ធ្វើរឿងមិនគួរគម្បីដល់សង្គម រីអ្នកគាំទ្រមួយចំនួនចាត់ទុកថា កុំរុញទូកបណ្តោយទឹក ដោយសម្អាងថា ធារ៉ា បានធ្វើល្អជាច្រើនជួយដល់សង្គមជាតិ ទាំងការជួយជាថវិកាចូលរួមជួយកុមារ សាលារៀន និងកសាងវត្តអារាមជាដើម។ ខ្លះៗពីស្នាដៃ និងសមិទ្ធផល ធឿន ធារ៉ា នាចុងឆ្នាំ២០២២ កីឡាករ ធឿន ធារ៉ា បានសាងកំណត់ត្រាថ្មីជូនខ្លួន ក្លិប និងប្រទេសកម្ពុជា ដោយការប្រកួតវិលជុំរូបគេបានគ្រងដំណែងពានរង្វាន់ស្តេចថៃ (Thai Fight King of Mauy Thai 2022) បន្ទាប់ពីយកឈ្នះដោយវាយឱ្យកីឡាកររុស្ស៊ី YURIK DAVTYAN VANA NAVA សន្លប់ និងកីឡាករថៃ សៃយុគ ភុមផាន់មួង ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹក១ ក្រោយគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរ កំឡុងពេលនៃការប្រកួត។ កេរ្តិ៍ឈ្មោះរបស់អ្នកប្រដាល់មានដើមកំណើតមកខេត្តព្រៃវែងរូបនេះ កាន់តែល្បីខ្ទរខ្ទាររហូតទទួលបានប្រជាប្រិយភាពដែលមិននឹកស្មានដល់។ ចូលដល់ឆ្នាំ២០២៣ ធារ៉ា មានការប្រយុទ្ធមួយទៀតដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ ការប្រកួតទល់នឹងកីឡាករប្រេស៊ីល ធីអាហ្គោ ធិចសារ៉ា។ កាលណោះ ធារ៉ា បានយកឈ្នះធីអាហ្គោ ដោយអាជ្ញាកណ្តាលសម្រេចបញ្ឈប់ បន្ទាប់ពីគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរមិនអាចបន្តការប្រកួតបាន។ កីឡាករល្បីរន្ទឺក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាមរូបនេះកាន់តែទទួលបានភាពល្បីល្បាញខ្លាំងទៅៗ និងមានការគាំទ្រគ្រប់ស្រទាប់យុវវ័យ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ មហាជនតែងតែចូលចិត្តការប្រកួតរបស់ ធឿន ធារ៉ា ពិសេសចលនាចូលវាយកាចបុកមិនចេះថយរបស់គេ។ ធារ៉ា គេកើបបានសមិទ្ធផលជាច្រើនក្នុងវិស័យគុនខ្មែរ ទាំងផ្ទះ ឡាន លុយ ដែលនេះជាអ្វីដែលរូបគេប្រមូលផលពីវិស័យឈឺសាច់មួយនេះ៕

អត្ថបទដោយ៖ cambodia-nation-media