ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ផ្តល់កិត្តិយសបំពាក់មេដាយជូន ដល់ជ័យលាភីការប្រកួតេក្វាន់ដូ-ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២
ពិធីបំពាក់មេដាយជាផ្លូវការត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា និងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF អន្តរជាតិ ព្រមទាំងអញ្ជើញចូលរួមផ្តល់កិត្តិយសបំពាក់មេដាយពីឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធតេក្វាន់ដូ-ITF កម្ពុជា ព្រមទាំងប្រតិភូមកពីបណ្តាប្រទេសនានាផងដែរ។
គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់រៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ កម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ១លើតារាងមេដាយបណ្តោះអាសន្នដោយ ឈ្នះមេដាយសរុប ៦៤គ្រឿង ខណៈការប្រកួតនឹងបន្តសម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ផ្តើមពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រកួតលើវិញ្ញាសាសរុប ១៤៥វិញ្ញាសា ឈុតក្រោម១៣ឆ្នាំ ក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងឈុតធំ។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបជិត ២០០នាក់មកពី០៦ប្រទេស៕
អត្ថបទដោយ៖ cambodia-nation-media