ករណីពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក មានត្រឹម២៩.៤% ប៉ុណ្ណោះ មិនមែន៩៧%នោះទេ

 អន្តរជាតិ
 ០៤ មេសា ២០២៥
 29
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់ថា កម្ពុជា​ ក្នុង​នាម​ជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ ប្រទេស គឺមានការ​កំណត់​នូវ​បន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺ​ការ​យក​ពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​នោះ​ទេ​ គឺកម្ពុជាបានយកចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត។ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ ក្នុងបទ​សម្ភាសន៍​ពិសេស​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្ម​លើ​ការ​នាំចូល​របស់​​ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធ​ខ្ពស់​បំផុត​ដែលកម្ពុជា មានទៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% មាន​​ន័យ​ថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើ​ផលិត​ផល​នៃ​ពាណិជ្ជ​កម្ម​ដៃ​គូ​ទាំង​អស់​ផងដែរ។ សូមរម្លឹកថា នៅថ្ងៃទី០២មេសានេះ(ម៉ោងនៅអាមេរិច) ត្រូវថ្ងៃទី០៣មេសា នៅកម្ពុជា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​កំណត់​ពន្ធគយលើទំនិញនាំចូលពីកម្ពុជាចំនួនប្រមាណ ៤៩% ដែលជាកម្រិតមួយខ្ពស់ ហើយ​នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទដោយ៖ cambodia-nation-media