ឥណ្ឌូណេស៊ី យកឈ្នះ មីយ៉ាន់ម៉ា ៣-០ ឡើងទៅឈរកំពូលតារាង ពូលA បណ្តោះអាសន្ន

 អន្តរជាតិ
 ០២ មិថុនា ២០២៦
 40

ដោយ៖ហៀក ឆក(William)

ហ្សាការតា-ការទទួលបាន ៣ពិន្ទុពេញ របស់ក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ ឥណ្ឌូណេស៊ី ដែលយកឈ្នះ ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា ៣-០ កាលពីថ្ងៃទី០១ មិថុនា ២០២៦ នៅកីឡដ្ឋាន Midya ជួយឱ្យគេឡើងទៅឈរកំពូលតារាង ពូលA បណ្តោះអាសន្ន ក្នុងពានរង្វាន់ ASEAN u-19 Boy’s Championship 2026។



ការប្រកួតដ៏ជក់ចិត្តដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទស្សនាពេញក្នុងកីឡដ្ឋាននេះ បានចាប់ផ្តើមជាមួយភាពសប្បាយរីករាយ បន្ទាប់ពីខ្សែប្រយុទ្ធយុវជនឥណ្ឌូណេស៊ី Kaka បានស៊ុតបាល់នាំមុខ ១-០ នៅនាទីទី៣៩ ក្នុងវគ្គទី១។ ចូលដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះបន្តដាក់សម្ពាធលើក្រុមភ្ញៀវ មីយ៉ាន់ម៉ា រហូតរកបាន ២គ្រាប់បន្ថែមទៀត តាមរយៈការទាត់បញ្ចូលទីយ៉ាងស្អាតពីខ្សែប្រយុទ្ធ Dimas Adi Prasetyo នៅនាទី៧៨ និងនាទីទី៨៧។

ជ័យជម្នះនេះ ជួយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំឥណ្ឌូណេស៊ី ឡើងទៅឈរលេខ១ មាន៣ពិន្ទុ ស្មើវៀតណាម ឈរលេខ២ ជាបណ្តោះអាសន្ន។ សម្រាប់ការប្រកួតបន្ទាប់ ឥណ្ឌូណេស៊ី នឹងត្រូវទទួលក្រុមភ្ញៀវ ទីម័រខាងកើត នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដោយឡែក មីយ៉ាន់ម៉ា ប្រកួតបន្ទាប់របស់គេ ត្រូវតតាំងជាមួយក្រុមខ្លាំង វៀតណាម ក្នុងថ្ងៃជាមួយគ្នា។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Midya ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទដោយ៖ cambodia-nation-media