តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកដំណែង លោក Yoon Suk Yeol អតីតប្រធានាធិបតីកូរ៉េខាងត្បូង

 អន្តរជាតិ
 ០៤ មេសា ២០២៥
 24
លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី២ហើយ ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកស្រី Park ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ២០១៧។ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានសម្រេចដកលោក Yoon Suk Yeol ចេញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ ដើម្បីបិទបញ្ចប់ភាពចលាចលនយោបាយក្នុងរយៈពេល ៤ ខែកន្លងមកនេះ។ ការដកតំណែងលោក Yoon ធ្វើឡើងក្រោយតុលាការធម្មនុញ្ញបានចាត់ទុកការប្រកាសប្រើច្បាប់អាជ្ញាសឹក មិនស្របនឹងតម្រូវការសម្រាប់វិបត្តិជាតិ រួមទាំងការបញ្ជាទ័ពរបស់លោក Yoon ឱ្យបញ្ឈប់សមាជិករដ្ឋសភាចូលទៅក្នុងរដ្ឋសភា ដើម្បីដកច្បាប់អាជ្ញាសឹក ជាសកម្មភាពខុសច្បាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។ ម្យ៉ាងការ ដកតំណែងលោក Yoon ដោយសារតែការប្រកាសប្រើច្បាប់ អាជ្ញាសឹកនៅចុងឆ្នាំ ២០២៤ កូរ៉េខាងត្បូងក៏គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ។ ក្រៅពីបាត់បង់តំណែងប្រធានាធិបតីហើយនោះ លោក Yoon ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់បះបោរ ហើយបើសិនតុលាការរកឃើញថា លោកពិតជាមានពិរុទ្ធពិតមែន នោះលោកអាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ឬត្រូវប្រហារជីវិតតែម្តង៕

អត្ថបទដោយ៖ cambodia-nation-media