ថៃ! ជួបវិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងត្បូងប្រទេសកំពុងបន្តហក់ឡើងយ៉ាងខ្លាំងបំផុត
សារព័ត៌មានបាងកកប៉ុស្តិ៍ វិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសកំពុងបន្តហក់ឡើងជន់លិចបំផ្លិចបំផ្លាញខ្លាំងបំផុត ស្រុកសរុប៤៧នៃខេត្តទាំង៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ បន្ថែមពីនេះក៏បានធ្វើឳ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១២៨,០០០គ្រួសារ និងមានចំនួនអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់។
ក្នុងហេតុការណ៏នៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត នៅខេត្តណៈខនស៊ីធម្មរាជនេះ លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយវិបត្តិមួយនេះ រួមទាំងឆ្លៀតពេលជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ខេត្តទាំង៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ខេត្តណៈខនស៊ីធម្មរាជ ស៊ូរ៉ាត់ថានី ជុំផន ប៉ាថាឡុង និងខេត្តរ៉ាននុង។ ខណៈដែលខេត្ត៦ទៀត ដូចជា ខេត្តទ្រុង សាទូន ស៊ុងក្លា ប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់ ក៏កំពុងលិចលង់ដោយកន្លែងផងដែរ ។
សរុបមកទឹកជំនន់បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជន ៧៣៧,០៩១គ្រួសារ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់ហើយចរាចរណ៍នៅលើផ្លូវសំខាន់ៗ ត្រូវបានផ្អាក ចរន្តអគ្គិសនីក៏ត្រូវបានផ្តាច់ មន្ទីរពេទ្យ មជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្ទះខ្លះត្រូវទឹកលិច។
នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ភាគខាងត្បូងថៃនឹងបន្តមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃផ្នែកខាងក្រោម រហូតដល់ថ្ងៃទី២២ ខែធ្នូ ដែលអាចបង្កឲ្យមានទឹកជំនន់ភ្លាមៗកើតឡើងជាយថាហេតុ៕
អត្ថបទដោយ៖ cambodia-nation-media