ក្រោយជាប់ក្នុងល្អាងភ្នំ ១សប្តាហ៍ពលរដ្ឋឡាវ ទាំង៧រូបត្រូវបានរកឃើញ៥នាក់ និង២នាក់ទៀតបន្តបាត់ខ្លួន ក្នុងល្អាងភ្នំនៅភូមិផានសៃ

 អន្តរជាតិ
 ២៨ ឧសភា ២០២៦
 61

បើតាមផេកផ្លូវការឡាវ Clip Ded បានឱ្យដឹងថា ពលរដ្ឋឡាវ ទាំង០៧នាក់ ដែលជាប់គាំងនៅក្នុងល្អាងភ្នំ ស្ថិតក្នុងភូមិផានសៃ (Phansai) ស្រុកឡុងជែន ខេត្តសៃសូមប៊ូន ប្រទេសឡាវ ត្រូវបានអ្នកជំនាញមុជទឹករកឃើញ ៥នាក់ហើយ ខណៈ២នាក់ទៀតបន្តបាត់ខ្លួន គិតត្រឹមរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

អាជ្ញាធរ នៅក្នុងស្រុកឡុងជែន អះអាងថា នីវ៉ូទឹកនៅក្នុងល្អាងភ្នំបានស្រកចុះយ៉ាងខ្លាំង ហើយក្រុមការងារនៅតែបន្តបូមបង្ហូរទឹកចេញពីក្នុងល្អាង។ ទន្ទឹមនឹងនេះ ពិធីបួងសួងសុំសេចក្តីសុខតាមបែបជំនឿសាសនាក៏ត្រូវបានរៀបចំឡើងផងដែរ មុនពេលចាប់ផ្តើមប្រតិបត្តិការស្វែងរក ពលរដ្ឋ២នាក់ផ្សេងទៀត។


 
សូមបញ្ជាក់ថា​ ពលរដ្ឋឡាវទាំង ៧នាក់ដែលជាអ្នកភូមិបានចូលទៅក្នុងល្អាងភ្នំដាច់​ស្រយាលមួយ នៃភាគកណ្តាលនៃប្រទេសឡាវ ដើម្បីស្វែងរកជីករ៉ែមាស តែដោយសារមាន​ភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឱ្យពួកគេពុំអាចច្រកចេញមកក្រៅវិញបាន ក៏ជាប់គាំងក្នុងល្អាងភ្នំនោះទៅ។
 
ឧបទ្ទវហេតុជាប់ក្នុងល្អាងភ្នំដ៏ចម្លែកនេះ គេអាចនៅចាំអំពីព្រឹត្តិការណ៍ កុមារា និងគ្រូបង្វឹកបាល់ទាត់ជនជាតិថៃទាំង ១៣នាក់ដែលបានជាប់គាំងក្នុងល្អាងភ្នំថាមលួង នៃខេត្តឈៀងម៉ៃ ក្នុងប្រទេសថៃ កាលពីចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

អត្ថបទដោយ៖ cambodia-nation-media