ជប៉ុនបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដើម្បីពង្រីកឥទ្ធិពលឧស្សាហកម្មការពារជាតិ

 អន្តរជាតិ
 0 ម៉ោងមុន
 8
រដ្ឋាភិបាលជប៉ុនបានសម្រេចបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដែលជាការបញ្ចប់គោលនយោបាយសន្តិភាពនិយមដ៏តឹងរ៉ឹងអស់រយៈពេលជាច្រើនទសវត្សរ៍ក្រោយសង្គ្រាម ដើម្បីបើកផ្លូវឱ្យឧស្សាហកម្មការពារជាតិរបស់ខ្លួនចូលទៅក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានរ៉យទ័រ នាថ្ងៃនេះ។ ជាមួយនឹងកញ្ចប់ថវិកាយោធាចំនួន 60 ពាន់លានដុល្លារ ជប៉ុនបានផលិតរួចជាស្រេចនូវប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ៗ រួមមាននាវាមុជទឹក មីស៊ីល និងយន្តហោះចម្បាំង ខណៈដែលក្រុមហ៊ុនយក្សដូចជា Toshiba និង Mitsubishi Electric រំពឹងថាការលក់ការពារជាតិនឹងកើនឡើងជាង 50% នៅឆ្នាំ 2031។ នៅក្នុងជំហានយុទ្ធសាស្ត្រថ្មីនេះ ជប៉ុនមានគម្រោងផ្គត់ផ្គង់នាវាចម្បាំងដែលប្រើរួចទៅឱ្យប្រទេសហ្វីលីពីន ដើម្បីប្រឈមមុខនឹងឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង និងសហការជាមួយប្រទេសប៉ូឡូញលើប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ បន្ថែមពីនេះ ជប៉ុនក៏កំពុងបង្កើតក្រុមឧស្សាហកម្មរួមគ្នាជាមួយអ៊ុយក្រែនដើម្បីផលិតយន្តហោះគ្មានមនុស្សបើកផងដែរ។ ទោះបីជានៅរក្សាការហាមឃាត់ការបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះសកម្មក៏ដោយ ប៉ុន្តែការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ដោយឯករាជ្យនេះ បានធ្វើឱ្យជប៉ុនក្លាយជាដៃគូប្រកួតប្រជែងដ៏ធ្ងន់ធ្ងរមួយចំពោះប្រទេសកូរ៉េខាងត្បូង និងអ៊ីស្រាអែល។

អត្ថបទដោយ៖ cambodia-nation-media