សហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអុីរ៉ង់ ខណៈតេហេរ៉ង់គំរាមសងសឹក និងបដិសេធកិច្ចចរចាសន្តិភាព

 អន្តរជាតិ
 ២០ មេសា ២០២៦
 51
កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថានភាពនៅមជ្ឈិមបូព៌ាបានឡើងកម្ដៅខ្លាំង បន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានបាញ់រះ និងរឹបអូសកប៉ាល់ដឹកទំនិញអ៉ីរ៉ង់មួយគ្រឿង ដែលធ្វើដំណើរចេញពីប្រទេសចិនឆ្ពោះទៅកាន់កំពង់ផែ Bandar Abbas។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកបានឃាត់ទុកកប៉ាល់នោះទាំងស្រុង ដើម្បីពិនិត្យមើលសារធាតុដែលស្ថិតនៅលើនោះ។ នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ ថ្ងៃនេះ។ ជាការឆ្លើយតប យោធាអ៉ីរ៉ង់បានថ្កោលទោសសកម្មភាពនេះថាជា «ចោរសមុទ្រ» និងបានព្រមានថានឹងធ្វើការសងសឹកប្រឆាំងនឹងយោធាអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ ទីក្រុងតេហេរ៉ង់បានសម្រេចចិត្តបដិសេធមិនចូលរួមកិច្ចចរចាសន្តិភាពជុំទី២ ជាមួយសហរដ្ឋអាមេរិកឡើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោននៅតែបន្តការបិទខ្ទប់កំពង់ផែរបស់ខ្លួន។ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពក្នុងតំបន់ហាក់កំពុងដើរដល់ផ្លូវទាល់ ខណៈដែលបទឈប់បាញ់នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក ត្រាំ បានព្រមានជាថ្មីថា យោធាអាមេរិកនឹងបន្តការបិទខ្ទប់រហូតដល់សម្រេចបានកិច្ចព្រមព្រៀង ហើយលោកថែមទាំងបានគំរាមកម្ទេចអ៉ីរ៉ង់ឱ្យក្លាយជាផេះ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌរបស់លោកដើម្បីបិទបញ្ចប់សង្រ្គាម។

អត្ថបទដោយ៖ cambodia-nation-media