ប្រធានាធិបតី​បារាំង​សរសេរ​លើ​បណ្ដាញ​សង្គម​ X ជា​ភាសា​ខ្មែរ​ បញ្ជាក់​ពី​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ជាមួយ​កម្ពុជា​

 អន្តរជាតិ
 3 ថ្ងៃមុន
 24
ប្រធានាធិបតី​បារាំង​លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បាន​សរសេរ​លើ​បណ្ដាញ​សង្គម X របស់​លោក​ថ្លែង​អំណរ​គុណ​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ភាសាខ្មែរ និង​បានបញ្ជាក់​ពី​ចំណង​ទំនាក់ទំនង​ដែល​កាន់​តែ​រឹង​មាំ​រវាង​បារាំង​ និង​កម្ពុជា​។ លោក​បាន​សរសេរ​កាល​ពី​យប់​មិញ​ម៉ោង​នៅ​កម្ពុជា​ជា​ភាសា​ខ្មែរ​ថា៖ «​សូម​អរគុណ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត សម្រាប់​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល One Health កាល​ពី​ម្សិលមិញ​នៅ​ទី​ក្រុង​ល្យុង​ និង​សម្រាប់​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​នៅ​ទី​ក្រុង​ប៉ារីស។ រវាង​កម្ពុជា និង​បារាំង​ ប្រវត្តិសាស្ត្រ​របស់​យើង​មាន​ជម្រៅ​យ៉ាង​ខ្លាំង ហើយ​កាន់តែ​រឹងមាំ​ឡើង​នៅ​ក្នុង​វិស័យ​ថាមពល សុខាភិបាល និង​បេតិកភណ្ឌ»។ លោក​ម៉ាក្រុង បាន​បញ្ជាក់​ថា​លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ខាង​មុខ​នេះ ដែល​ជា​ឱកាស​បន្ថែម​មួយ​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែល​ភ្ជាប់ កម្ពុជា-បារាំង ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង។ គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ដឹក​នាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សុខភាព​តែ​មួយ (One Health Summit) នៅ​ទីក្រុង​លីយ៉ុង និង​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០៦​នេះ​។ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ម្សិល​មិញ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​មាន​ជំនួប​ផ្លូវ​ការ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង​ នៅ​វិមាន​អេលីហ្ស៊េ​ផងដែរ​។ យ៉ាងណា​ក្ដី​ខ្លឹម​សារ​នៃ​ជំនួប​នេះ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​។ ​ទំនាក់​ទំនង​កម្ពុជា​បារាំង​គឺ​ចាប់​ផ្ដើម​មាន​ប្រវត្តិ​ទាក់ទង​គ្នា​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣ ពេល​ដែល​កម្ពុជា​ទទួល​យក​អាណាព្យាបាល​បារាំង​ មុន​នឹង​ប្រគល់​ឯករាជ្យ​មក​វិញ​នៅ​ឆ្នាំ​១៩៥៣។ ​បារាំង​ក៏​ជា​អ្នក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​លើ​ការងារ​ជា​ច្រើន​ជា​ពិសេស​ការ​អប់រំ និង​កិច្ច​ការ​អភិរក្ស​វប្បធម៌ ប្រទេស​នេះ​ក៏​ជា​តួអង្គ​សំខាន់​នាំ​យក​សន្ដិភាព​ដល់​កម្ពុជា​វិញ​ផង​ដែរ​។ ​គួរ​ជម្រាប​ផង​ដែរ​ថា​ កម្ពុជា​គឺ​​ជា​​រដ្ឋ​សមាជិក​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF)នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ទាំង​​​នេះ​នៅ​ចុង​ឆ្នាំ​២០២៦​៕

អត្ថបទដោយ៖ cambodia-nation-media