លោកស្រី Takaichi នាំបក្សកាន់អំណាចជប៉ុន ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី

 អន្តរជាតិ
 ០៩ កុម្ភៈ ២០២៦
 29
សម្ព័ន្ធភាពចម្រុះរបស់នាយករដ្ឋមន្ត្រីជប៉ុន សាណេ តាកាអ៊ិឈិ បានទទួលសំឡេងគាំទ្រច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់បក្សក្នុងការបោះឆ្នោតសភាថ្ងៃទី៨ ខែកុម្ភៈ។ ជ័យជម្នះនេះ នឹងបើកផ្លូវដល់ការអនុម័តគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល មានការសន្យាកាត់បន្ថយពន្ធ ការចំណាយយោធាកាន់តែច្រើន។ បើតាមលទ្ធផលដែលកំពុងរាប់ក្រោយការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ បក្សប្រជាធិបតេយ្យសេរី របស់នាយករដ្ឋមន្រ្តី សាណេ តាកាអ៊ិឈិ ដែលជាមេដឹកនាំស្ត្រីដំបូងរបស់ជប៉ុន ទទួលបានសំឡេងគាំទ្រដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយនឹងទទួលបានអាសនៈដល់ទៅ៣២៨ ក្នុងចំណោម៤៦៥អាសនៈនៅក្នុងសភាជាន់ទាប។ ចំនួននេះ មានលើសកៅអីសភាសំឡេងភាគច្រើន២៣៣ ដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាលទៅទៀត។ បូកបញ្ចូលកៅអីសភារបស់បក្សនវានុវត្តន៍ជប៉ុន ដែលគេស្គាល់ថា Ishin សម្ព័ន្ធភាពកាន់អំណាចដឹកនាំដោយ លោកស្រី តាកាអ៊ិឈិ មានសំឡេងភាគច្រើន ពោលលើសចំនួនពីរភាគបីឯណោះ។ នេះមានន័យយថា សម្ព័ន្ធភាពកាន់អំណាច ថែមទាំងអាចសើរើការសម្រេចរបស់សភាជាន់ខ្ពស់ ដែលសម្ព័ន្ធភាពនេះ គ្មានសំឡេង ភាគច្រើនទៀតផង។

អត្ថបទដោយ៖ cambodia-nation-media