ផ្ទុះទៀតហើយ ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែកថ្មីទៀតហើយ
នេះ កើតឡើងក្នុងតំបន់ Pasemat នៃស្រុក Sungai Kolok ខេត្ត Narathiwat។
រឿងហេតុបានចាប់ផ្តើមនាវេលាម៉ោង ២:០៥ទាបភ្លឺថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦ នៅពេលមានការបំផ្ទុះគ្រាប់បែកកម្ទេចរថយន្ត ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតឡើយ។
ក្រោយការវាយប្រហារនេះ ក្រុមដោះគ្រាប់បែកបានទៅដល់កន្លែងកើតហេតុ ហើយដ្បិតតែអាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកអ្នកនៅពីការរឿងនេះក៏ដោយ ប៉ុន្តែគេដឹងច្បាស់ថា វាជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ដែលកំពុងធ្វើប្រតិបត្តិការ បង្កភាពចលាចលនៅភាគខាងត្បូងប្រទេសថៃ។
ការវាយប្រហារទ្រង់ទ្រាយធំបំផុតនៅភាគខាងត្បូងប្រទេសថៃ នាពេលចុងក្រោយគឺការបំផ្ទុះគ្រាប់បែកនិងដុតស្ថានីយប្រេងឥន្ធនៈ១១កន្លែងក្នុងខេត្តចំនួន៣ផ្សេងគ្នា
ដូចជា៖ Pattani, Yala និង Narathiwat។
ជុំវិញការវាយប្រហារនោះ អាជ្ញាធរថៃអះអាងដែរថា អ្នកបង្កគឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់មាសនៅខេត្ត Narathiwat កាលពីខែតុលាឆ្នាំ២០២៥។
មេយុទ្ធភូមិភាគ៤ថៃ Norathip Poinok និយាយថា៖ «ក្រោយការពិនិត្យព័ស្តុតាង យើងអាចសន្និដ្ឋានបានថា ក្រុមដែលវាយប្រហារស្ថានីយប្រេងឥន្ធនៈ១១កន្លែងនៅខេត្ត
ចំនួន៣នាភាគខាងត្បូង គឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់នៅហាងមាស Yaowarat»។
ពាក់ព័ន្ធហេតុការណ៍នោះដែរ មេបញ្ជាការកងទ័ពជើងគោកថៃ Phana Klaewplodthuk បានចេញបញ្ជារួចហើយ ឲ្យតាមប្រមាញ់ក្រុមជនដៃដល់ និងនាំខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់បំផុត៕ អត្ថបទដោយ៖ cambodia-nation-media