កូរ៉េខាងត្បូង ដែលលក់យន្តហោះចម្បាំងឲ្យ ថៃទម្លាក់ គ្រាប់លើកម្ពុជា ស្នើឲ្យដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Yonhap News Agency។
ទីភ្នាក់ងារព័ត៌មានមួយនេះ បានរៀបរាប់ថា «កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានជំរុញឱ្យកម្ពុជា និងថៃ ជួបពិភាក្សាគ្នា ដោយសន្តិវិធី ដើម្បីដោះស្រាយការប៉ះទង្គិចគ្នា នៅតាមព្រំដែន ដែលកើនឡើងកម្តៅ ដោយស្វាគមន៍កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជិតខាងនឹងគ្នាទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ផ្អែកតាមប្រភពដដែល, អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Il បាននិយាយ នៅក្នុងបទអត្ថាធិប្បាយមួយថា «យើងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង
របស់អាស៊ាន ក្នុងការកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍»។ លោកបានថ្លែងថា «រដ្ឋាភិបាលកូរ៉េខាងត្បូង ជំរុញឲ្យប្រទេសកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ ដោយសន្តិវិធី តាមរយៈការសន្ទនា ឆាប់បំផុត ដែលអាចធ្វើទៅបាន»។
លោក Park បានបន្ថែមថា ទីក្រុងសេអ៊ូល ស្វាគមន៍ ចំពោះការកោះប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស ក្នុងចំណោមប្រទេសទាំង ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលកម្ពុជា និងថៃ ជាសមាជិក ដើម្បីដោះស្រាយស្ថានការណ៍នេះ។ នេះបើតាមសារព័ត៌មាន Yonhap News Agency ដដែល។
យ៉ាងណា ការអំពាវនាវរបស់កូរ៉េខាងត្បូងនេះ ធ្វើឡើង មុនមួយថ្ងៃ ដែលថៃប្រើយន្តហោះចម្បាំង ផលិតនៅប្រទេសមួយនេះ មកទម្លាក់គ្រាប់ លើកម្ពុជា។
បើតាមក្រសួងការពារជាតិកម្ពុជា, កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើយោងតាម defence security asia ចុះផ្សាយ កាលពីថ្ងៃទី២២ ខែធ្នូ, កងទ័ពអាកាសថៃ បានប្រកាសពីការដាក់ពង្រាយយន្តហោះ T-50TH ប្រភេទនេះ រួមជាមួយនឹងយន្តហោះចម្បាំង F-16 និង Gripen ធ្វើប្រតិបត្តិការ នៅកម្ពុជា ដោយចាត់ទុកថា ជាការដាក់បញ្ចូលទៅក្នុងកម្លាំងទ័ពអាកាសប្រយុទ្ធទំនើប៕ អត្ថបទដោយ៖ cambodia-nation-media