អានុទីន មានប្រវត្តិសិក្សា មុខជំនួញ និង នយោបាយ មិនធម្មតា នៅមុនកើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន
លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) មានឈ្មោះហៅក្រៅថា «នូ» គឺជាអ្នកជំនួញ ជាអ្នកនយោបាយ

ថៃដ៏លេចធ្លោម្នាក់ផង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០២៣ រហូតដល់លាលែងពីតំណែងនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លោក អានុទីន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលរបស់លោកប្រាយុធ ចាន់អូចា និងជាបុគ្គលសាធារណៈមួយរូប ដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។

ថ្វីដ្បិតតែ បុរសរាងខ្ពស់ស្រឡះវ័យ៥៩ឆ្នាំរូបនេះ នាបច្ចុប្បនេះក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ដោយការឈរលើក្របមុខនៃកាសែតធំៗរបស់ថៃ ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុង រវាងនាយករដ្ឋមន្ត្រីព្យួរតំណែងថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលបានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា «ថៃគ្មានសុវត្ថិភាពគឺទាក់ទងនឹងករណីការបោកប្រាស់តាមទូរស័ព្ទ Call Center ទើបបណ្ដាលឲ្យទេសចរធ្លាក់ចុះយ៉ាងគំហុក» ពោលគឺមិនមែនដោយសារសេចក្តីព្រាងច្បាប់កាស៊ីណូនោះទេ។
លោក អានុទីន មានសាលោហិតមកពីខេត្តក្វាងទុងប្រទេសចិន ដោយមានឈាមជ័រជាកូនកាត់ ថៃ-ចិន ដែលកើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៦៦ នៅទីក្រុងបាងកក និងជាកូនប្រុសរបស់ លោក Chavarat Charnvirakul អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរដ្ឋាភិបាលលោក Abhisit Vejjajiva។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលា Assumption College និងឧត្តមសិក្សាផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Hofstra នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៩ ។
មិនតែប៉ុណ្ណោះ លោកគឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនោះគឺ Sino-Thai Engineering and Construction PCL ដោយបានសាងសង់គម្រោងធំរបស់រដ្ឋាភិបាលជាច្រើន ដូចជា អាកាសយានដ្ឋានសុវណ្ណភូមិរបស់ទីក្រុងបាងកក។
ចំណែកឯ ជីវិតឯកជនវិញ លោកអានុទីន បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន៣ដង លើកដំបូងនៅឆ្នាំ១៩៩០ ដោយបន្សល់កូនពីរនាក់ក្នុងបន្ទុក។ ក្រោយមក លោកបានរៀបការលើកទី២ ជាមួយភរិយាថ្មី ហើយក៏លែងលះគ្នាម្ដងទៀត។ បច្ចុប្បន្នលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយភរិយាទី៣ និងបានប្រកាសជាផ្លូវការផងដែរ។
ដោយឡែក ងាកមកាន់អាជីពជាអ្នកនយោបាយឯនេះវិញ នៅឆ្នាំ ១៩៩៦ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ដោយក្លាយជាទីប្រឹក្សា របស់ លោក Prachuap Chaiyasan (រដ្ឋមន្ត្រីក្រសួងការបរទេស) និងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងសាធារណៈការពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៥ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងនាំ ២០០៤។
បន្ទាប់មក លោកអានុទីន ត្រូវបានហាមឃាត់ពីតំណែងនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែជាប់បម្រាម ព្រោះតែជាសមាជិកភាពនៃគណបក្សថៃរ៉ាក់ថៃដែលត្រូវរំលាយដោយតុលាការធម្មនុញ្ញ។ ក្រោយផុតកំណត់សិទ្ធិនយោបាយនៅឆ្នាំ ២០១២ លោកបានដាក់ពាក្យចូលជាសមាជិកគណបក្ស Bhumjaithai ដែលជាគណបក្សមេរបស់លោក Chavarat Charnvirakul ជាឪពុករបស់លោក ដែលផ្លាស់មកពីគណបក្សអំណាចប្រជាជន។ នៅឆ្នាំដដែល លោកបានជាប់ឆ្នោតជាមេបក្សបន្តពីឪពុករបស់គាត់។
ចំណែកឯនៅក្នុងតួនាទីក្នុងរដ្ឋសភាឯណោះវិញ លោកធ្លាប់ជាសមាជិកសភា និងបានកាន់តំណែងជារដ្ឋមន្ត្រីជាច្រើន រួមមាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
នៅក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអានុទីនបានប្រឈមនឹងបញ្ហាក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ រហូតដល់សង្គម និងបុគ្គលិកពេទ្យមួយចំនួនបានរិះគន់និងប្រតិកម្មជាសាធារណៈបែបអវិជ្ជមានលើការអនុវត្ត និងការគ្រប់គ្រងស្ថានការណ៍។ លោកបានបញ្ចេញមតិប្រមាថមើលងាយជនបរទេសជាបន្តបន្ទាប់។
ដោយកាលណោះ លោកសរសេរនៅលើគណនី Twitter ថា ជនបរទេស (ពួកលោកខាងលិច) បានភៀសខ្លួនពីប្រទេសពួកគេដើម្បីសុវត្ថិភាពក្នុងប្រទេសថៃ។ ជនបរទេសជាច្រើនស្លៀកពាក់កខ្វក់និងមិនងូតទឹក ទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស ហើយនេះជាហេតុផលដែលប្រទេសថៃកំពុងឆ្លងដោយវីរុស SARS-CoV-2 ។
ជាងនេះទៅទៀត លោកក៏ជាអ្នកជំរុញឬគាំទ្រ ក្នុងការធ្វើឲ្យរុក្ខជាតិកញ្ឆាក្លាយជាទំនិញឈានមុខគេ និងស្របច្បាប់នៅក្នុងផ្នែកវេជ្ជសាស្រ្ត។ នៅខែឧសភា ឆ្នាំ២០២២ គាត់បាននិយាយថា ក្រសួងនឹងផ្តល់ឲ្យរុក្ខជាតិកញ្ឆាចំនួន១លានដើម ដល់គ្រួសារថៃ សម្រាប់ការដាំដុះដោយគ្មានអាជ្ញាប័ណ្ណ។ កាលណោះ ថៃបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលចេញច្បាប់អនុញ្ញាតឲ្យមានការលក់និងប្រើប្រាស់កញ្ឆា ដែលនាំឲ្យមានកំណើនហាងលក់ និងផលិតផលកញ្ឆាយ៉ាងច្រើនសន្ធឹកសន្ធាប់៕
អត្ថបទដោយ៖ cambodia-nation-media