ឯកឧត្តម កែ គឹមយ៉ាន៖ សម្តេចបវរធិបតី បានអភិរក្ស និងលើកស្ទួយសុខដុមនីយកម្មសាសនា
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ប្រគេនពរ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារីប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេននិងជូនអ្នកបន្ទាយមានជ័យទាំងអស់ពិសេសអាជ្ញាធរស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រក្នុងស្មារតីសាមគ្គីភាព ទទួលខុសត្រូវ អភិវឌ្ឍមូលដ្ឋាននិងជីវភាពរស់នៅកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានបន្តថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត បានខិតខំអភិរក្ស អភិវឌ្ឍ គាំទ្រ លើកស្ទួយ ការគោរពនូវសិទ្ធិសេរីភាពខាងជំនឿ សាសនា ការខិតខំពង្រឹងសុខដុមនីយ៍កម្មរវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់សីលធម៌រស់នៅជាពិសេសយុវវ័យ តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ការបញ្ចូលខ្លឹមសារអប់រំក្នុងពេលសម្តែងធម្មទេសនា ដើម្បីឲ្យយុវវ័យចៀសផុតពីអំពើអបាយ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ជាដើម ហើយវត្តអារ៉ាមក៏បានផ្តល់ជាទីជម្រកសម្រាប់សិស្ស និស្សិត និងជនគ្មានទីពឹងសម្រាប់ស្នាក់អាស្រ័យផងដែរ ដែលជាកិច្ចការមនុស្សធម៌មួយក្នុងវិស័យពុទ្ធសាសនា។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្រ្តីរាជការ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងវិស័យពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សុខដុមនីយ៍កម្មសាសនា សុខភាព រៀបចំសណ្តាប់ធ្នាប់តាមទីអារាមទាក់ទាញទេសចរណ៍សង្រ្កាន្តឆ្នាំថ្មី សុខភាពមនុស្សចាស់ ការផ្តល់សេវាដោយប្រសិទ្ធភាព រកទីផ្សារកសិផល បង្ការការពារគ្រោះរាំងស្ងួត និងអគ្គីភ័យជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកនូវទេយ្យវត្ថុ បច្ច័យកសាងវេរប្រគេនដល់ព្រះសង្ឃ និងនាំអំណោយចែកជូនមន្រ្តីរាជការ កងកម្លាំង និងអ្នកចូលរួម ព្រមទាំងបំពាក់គ្រឿងឥស្សរិយយជូនដល់សប្បុររសជនផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media