លោក សុខ ថុល វាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលរៀបចំការប្រកួតជើងឯកថ្នាក់ខេត្តបញ្ចប់ដោយរលូន

 កម្សាន្ត
 ០៣ មេសា ២០២៥
 102
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២០២៥លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរដោយ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ដែលមានការិយាល័យកីឡាជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងមានកិច្ចសហការគ្នាបានយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបញ្ចប់ទៅដោយរលូនល្អ។
លោកអភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងផងដែរថា ការលេងកីឡាគឺមានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ ក្នុងការទទួលបាននូវសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងជួយឱ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម។ មិនតែប៉ុណ្ណោះ កីឡាបានរួមចំណែកកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិឱ្យសមស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ដូចនេះការលើកស្ទួយវិស័យកីឡា គឺជារឿងចាំបាច់ ព្រោះថាវិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំង៥ នៃវិស័យអប់រំ សំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ បង្កើតចំណងមិត្តភាព ភាតរភាព និងនិរន្តរភាព។ លោក សុខ ថុល ក៏បានកោតសរសើរដោយស្មោះចំពោះប្រតិភូកីឡាសិស្សមធ្យមសិក្សាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត ដោយឈរលើគោលការណ៍ បទបញ្ជានៃការប្រកួតកីឡាបានល្អត្រឹមត្រូវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្រឡាញ់កីឡាពិតប្រាកដ ហើយទទួលបានលទ្ធផលបច្ចេកទេស របស់ខ្លួនដោយមិនបានគិតតែពីលទ្ធផល ឈ្នះ-ចាញ់ ឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះគណៈកម្មការបច្ចេកទេស របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីពេលចាប់ផ្តើម រហូតដល់បញ្ចប់នាពេលនេះ ដោយមិនគិតពីការលំបាក នឿយហត់ យកអស់កម្លាំងកាយចិត្ត ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ យុត្តិធម៌ អនុវត្តបានល្អប្រសើរតាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំ និងជំរុ ញ ឱ្យការប្រកួតទាំងមូលមានដំណើរការល្អប្រសើរ ហើយទទួលបានជោគជ័យ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល ក៏បានអំពាវនាវដល់មន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាល ក្រុង ស្រុក នាយក នាយិកា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងខេត្ត ឱ្យចូលរួមបំផុសសកម្មភាពកីឡាឱ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋម សិក្សា និងមធ្យមសិក្សា ដើម្បីជាគោលដៅសម្រាប់មិត្តភាព សាមគ្គីភាព សុខុមាលភាព ទាំងផ្លូវកាយ បញ្ញា ស្មារតី ដល់សិស្សានុសិស្ស និងប្រជាជនរបស់យើង សំដៅលើកកម្ពស់ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច”៕

អត្ថបទដោយ៖ cambodia-nation-media