PPIA លើកទី៣៖លោក ងិន សុខបញ្ញា បង្ហាញយុទ្ធសាស្ត្រសម្រាំងយុវជនឆ្នើមចូលជម្រើសជាតិថ្នាល

 កម្សាន្ត
 ០២ កុម្ភៈ ២០២៦
 37
[រាជធានីភ្នំពេញ]៖ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក និងរត់ Phnom Penh International Aquathlon (PPIA) លើកទី៣ បានបិទបញ្ចប់ទៅដោយផ្លែផ្កា ជាមួយសន្ទុះនៃការចូលរួមយ៉ាងកុះករពីសំណាក់អត្តពលិកជាតិ និងអន្តរជាតិ។ ជោគជ័យនេះ បានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃវិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជា ទាំងផ្នែកបរិមាណ និងគុណភាពបច្ចេកទេស។ ថ្លែងប្រាប់សារព័ត៌មានCNM តាមសារអេឡិចត្រូនិក ក្រោយបញ្ចប់ការប្រកួត លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយជាខ្លាំង នៅពេលឃើញវត្តមានអត្តពលិកយ៉ាងច្រើនកុះករចូលរួមតាមការរំពឹងទុក។ លោកបានគូសបញ្ជាក់ថា នេះគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀបចំអស់រយៈពេល ៣លើកកន្លងមក ដែលធ្វើឱ្យសាធារណជនកាន់តែស្គាល់ច្បាស់ពីវិញ្ញាសានេះ ​ជាពិសេសមានការចូលរួមជួយជ្រោមជ្រែងពីក្រុមការងារ គណៈកម្មការស្ម័គ្រចិត្ត ក្លិបសមាជិកសហព័ន្ធ និងសិស្សានុសិស្ស។ លោកអគ្គលេខាធិការបានមានប្រសាសន៍ថា៖«យើងសង្កេតឃើញថាការចូលរួមមានសន្ទុះខ្លាំង គឺដោយសារយើងមានយុទ្ធសាស្ត្រផ្សព្វផ្សាយបានទូលំទូលាយ និងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាសាលារៀនអន្តរជាតិនានា ដែលនេះជាប្រភពធនធានអត្តពលិកដ៏សំខាន់។ មួយវិញទៀត ការចូលរួមជួយពីក្រុមការងារ គណៈកម្មការស្ម័គ្រចិត្ត ក្លិបសមាជិក និងសិស្សានុសិស្ស»។   ពាក់ព័ន្ធនឹងសមត្ថភាពនៅលើទីលាន លោក ងិន សុខបញ្ញា បានវាយតម្លៃខ្ពស់ចំពោះកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីក្នុងឆ្នាំនេះ។ លោកបានពន្យល់ថា ដោយសារអត្តពលិកភាគច្រើនធ្លាប់មានបទពិសោធន៍ប្រកួតកាលពីឆ្នាំមុនៗ ធ្វើឱ្យការគ្រប់គ្រងកម្លាំង ការប្រើប្រាស់បច្ចេកទេសហែល និងរត់ មានភាពស្ទាត់ជំនាញ និងល្អជាងមុនគួរឱ្យកត់សម្គាល់។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញថា អត្តពលិកកម្ពុជាកំពុងពង្រឹងសមត្ថភាពខ្លួនកាន់តែជិតទៅនឹងកម្រិតស្តង់ដារ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងព្រឹត្តិការណ៍ PPIA ឆ្នាំនេះ គឺការបើកផ្លូវសម្រាប់យុវជនជំនាន់ក្រោយ។ សហព័ន្ធបានកំណត់យកវេទិកានេះ ដើម្បីធ្វើការស្វែងរក និងសម្លឹងមើលអត្តពលិកវ័យក្មេងដែលមានដួងព្រលឹងកីឡា និងសមត្ថភាពលេចធ្លោ។ លោកបានបន្ថែមទាំងក្តីសង្ឃឹមថា៖«យើងកំពុងពិនិត្យមើលយ៉ាងម៉ត់ចត់លើអត្តពលិកវ័យក្មេង ដើម្បីសម្រាំងពួកគាត់ឱ្យចូលជាជម្រើសជាតិថ្នាល។ ប្រសិនបើពួកគាត់មានឆន្ទៈចង់ប្រកួតតំណាងឱ្យជាតិ និងមានពេលវេលាហ្វឹកហាត់ច្បាស់លាស់ សហព័ន្ធនឹងស្វាគមន៍ពួកគាត់មកកាន់ក្រុមជម្រើសជាតិ ដើម្បីបណ្តុះបណ្តាលជាសសរទ្រូងនៃវិស័យកីឡាទ្រីយ៉ាត្លុងទៅថ្ងៃអនាគត»។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Phnom Penh International Aquathlon មិនត្រឹមតែជាការប្រកួតដើម្បីមេដាយនោះទេ ប៉ុន្តែវាគឺជាការបណ្តុះនូវវប្បធម៌ស្រឡាញ់កីឡា និងការកសាងសហគមន៍កីឡាទ្រីយ៉ាត្លុងនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកម្រិតតំបន់ និងអន្តរជាតិនានានាពេលខាងមុខ៕

អត្ថបទដោយ៖ cambodia-nation-media