ប្រធានក្រុម បាត់ដំបង យូណៃធីត ខ្សែការពារ គង់ សាវង្ស ថាបរាជ័យ តែមានមោទនភាព ដែលអាចតដៃជាមួយក្រុមខ្លាំងបាន
[រាជធានីភ្នំពេញ]- បាត់ដំបង យូណៃធីត រងបរាជ័យក្នុងទឹកដីខ្លួន នាជំនួបដំបូងទល់នឹងក្រុមខ្លាំងមកពីលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥-២ នៅទីលានបាល់ទាត់សាកលវិទ្យាល័យ បាត់ដំបង នាការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាលពីពាក់កណ្តាលសប្តាហ៍នេះ។
ទោះបីជាធ្វើពុំបានល្អសម្រាប់ការប្រកួតជើងទី១នេះ ប៉ុន្តែប្រធានក្រុមបាល់ទាត់បាត់ដំបង យូណៃធីត លោក គង់ សាវង្ស ចាត់ទុកថាការបញ្ចប់ក្នុងលទ្ធផល ៥-២ ជារឿងដែលក្រុមមានមោទនភាព ព្រោះអាចមានគ្រាប់បាល់កើតឡើងតទល់នឹងក្រុមខ្លាំង។ «សម្រាប់ពួកយើង ទោះបីជាពួកយើងចាញ់មែន តែយើងមានមោទនភាពដែលយើងអាចធ្វើបានលទ្ធផលប៉ុណ្ណឹងគឺល្អបំផុតហើយ ដោយសារជួបក្រុមគេ(ព្រះខ័នរាជស្វាយរៀង) មកពីលីគកំពូល ហើយក្រុមយើងជាក្រុមដែលអត់មានលីគលេងផង ដែលយើងអាចទប់ជាមួយគេបានប៉ុណ្ណឹង។» នេះជាការលើកឡើងរបស់លោក គង់ សាវង្ស ប្រាប់សារព័ត៌មាន Cambodia Nation Media តាមសារអេឡិចត្រូនិក។
បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ប្រធានក្រុមបាល់ទាត់ដែលមានទីតាំងនៅខេត្តបាត់ដំបង លោក គង់ សាវង្ស ថាក្រុមទាំងមូលមានភាពនឿយហត់ច្រើន ព្រោះត្រូវដេញតាម និងដណ្តើមបាល់ពីក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ដែលមានកីឡាករឆ្នើមៗជាច្រើន និងពិសេសការលេងរបស់គេគឺមានភាពស៊ីចង្វាក់គ្នា។
យ៉ាងណា ខ្សែការពាររបស់ក្រុមបាល់ទាត់ បាត់ដំបង យូណៃធីត ដដែលសង្កត់ធ្ងន់ថាតំបន់ប្រយុទ្ធរបស់ក្រុមភ្ញៀវគឺពិតជាមានសក្តានុពល និងសហការគ្នាបានយ៉ាងល្អ។ លោក សាវង្ស ទទួលស្គាល់កំហុសដែលបណ្តាលឱ្យមានការរបូតគ្រាប់បាល់ថា៖«ការរបូតគ្រាប់បាល់ ,ទី១ គឺជាកំហុសរបស់ពួកយើង ទី២ គឺអាចជាការលេងស៊ីសង្វាក់គ្នារបស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលគេលេងបានល្អ»។
សូមបញ្ជាក់ថា យោងតាមលទ្ធផលសរុបប្រចាំសប្តាហ៍ទី២០ (វគ្គ ១/៨ ផ្តាច់ព្រ័ត្រ - ជើងទី១) ព្រះខ័នរាជស្វាយរៀង យកឈ្នះលើ បាត់ដំបង យូណៃធីត ក្នុងលទ្ធផល ៥-២ ខណៈ បឹងកេត យកឈ្នះ ឡាយអ៊ិនឃីងខេត្តសៀមរាប ៩-០ រី ភ្នំពេញហ្គាឡាក់ស៊ី ចាញ់ វិសាខា ១៣-០ និង ភ្នំពេញក្រោន ឈ្នះ ខេត្តត្បូងឃ្មុំ ៣-០៕
អត្ថបទដោយ៖ cambodia-nation-media