ឯកឧត្តម សុខ យ៉ានិមល កោតសរសើរគណៈកម្មការរៀបការប្រកួតសីដក់ និងសីមេលោង បញ្ចប់ទៅដោយរលូន និងជោគជ័យ
[រាជធានីភ្នំពេញ] នាពិធីបិទការប្រកួតកីឡាសីដក់ និងសីមេលោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម សុខ យ៉ានិមល ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ ពិតជាបានដំណើរការបញ្ចប់ទៅដោយរលូន និងបានឃើញពីសក្តានុពលអត្តពលិកមកពីបណ្តាក្លិប ក្រសួង សមាគម ដែលបានចូលរួម។
ឯកឧត្តមប្រធានសហព័ន្ធ បានសង្កត់ធ្ងន់ថា ការរៀបចំក្នុងឆ្នាំ២០២៦នេះ គឺការផ្តលឱកាសដល់កីឡាករ-កីឡាការិនី បង្ហាញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេសដែលអត្តពលិកបានហ្វឹកហាត់កន្លងមក។ «លទ្ធផល កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូអត់ធ្មត់ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទបញ្ជាបច្ចេកទេសក្នុងការប្រកួត»។ ប្រសាសន៍ឯកឧត្តម សុខ យ៉ានិមល។
ក្នុងនាមជាមន្រ្តីសហព័ន្ធជាន់ខ្ពស់ ឯកឧត្តម សុខ យ៉ានិមល លើកទឹកចិត្តដល់អត្តពលិកបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត បង្កើតកម្រិតថ្នាល បង្កើនបរិមាណអត្តពលិក ពង្រឹងសមត្ថភាពមន្រ្តីអាជ្ញាកណ្តាល ចៅក្រម និងបន្តបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន។ ការបិទបញ្ចប់ការប្រកួតកីឡាសីដក់ និងសីមេលោងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះប្រធានសហព័ន្ធលើកសរសើរ និងវាយតម្លៃចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីឱ្យព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យ។
យោងតាមរយៈរបាយការណ៍គណៈកម្មការបច្ចេកទេស វិញ្ញាសាបុរស ២ទល់២ មេដាយមាស បានទៅក្រសួងមហាផ្ទៃ មេដាយប្រាក់ បានទៅមជ្ឈមណ្ឌល ខភម និងមេដាយសំរឹទ្ធបានទៅ ក្រសួងការពារជាតិ។ វិញ្ញាសា នារី ២ទល់២ មេដាយមាសបានទៅ ក្រសួងការពារជាតិ មេដាយប្រាក់ បានទៅមជ្ឈមណ្ឌល ខភម និងមេដាយសំរឹទ្ធ បានទៅក្រសួងមហាផ្ទៃ និងវិញ្ញាសាបុរស ៣ទល់៣ មេដាយមាស បានទៅ ក្រសួងការពារជាតិ មេដាយប្រាក់ បានទៅ មជ្ឈមណ្ឌល ខភម និងមេដាយសំរឹទ្ធ បានទៅ ក្រសួងមហាផ្ទៃ៕
អត្ថបទដោយ៖ cambodia-nation-media