ឯកឧត្តម កែវ វណ្ណថន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងទូរគមនាគមន៍

 កម្សាន្ត
 7 ថ្ងៃមុន
 37
នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញនិងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម Liu Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ដោយមានការចូលរួមពីបណ្តាប្រទេសមេគង្គ-ឡានឆាង តំណាង INTERPOL និងUNODC នៅទីក្រុងគុនមិញ ប្រទេសចិន។ កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖ ១- គំនិតផ្តួចផ្តើមរួមគ្នាបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងទូរគមនាគមន៍ ២- ប្រតិបត្តិការរួមគ្នាដើម្បីលុបបំបាត់មជ្ឍមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងការសម្របសម្រួលមាតុភូមិនិវត្តន៍ ៣- ត្រួតពិនិត្យរួមគ្នាតំបន់សំខាន់ៗដែលមានសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ អង្គប្រជុំ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចាត់វិធានការរួមគ្នា បង្ការ ទប់ស្កាត់ និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបុព្វហេតុសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Liu Zhongyi ឧបការីក្រសួងសន្តិសុខសាធារណៈចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-ចិន។

អត្ថបទដោយ៖ cambodia-nation-media