គុនដាវ៖ កម្ពុជា ឈរចំណាត់ថ្នាក់លេខ៩ ក្រោយការប្រកួតកម្រិតអាស៊ីក្រោមអាយុ ២៣ឆ្នាំ នៅម៉ាឡេស៊ី

 កម្សាន្ត
 ០១ វិច្ឆិកា ២០២៥
 47
ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ី អាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាគុនដាវអាស៊ី និងការទទួលធ្វើជាម្ចាស់ផ្ទះម៉ាឡេស៊ី។ ការប្រកួតនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាន ១៩១ នាក់ ក្នុងនោះមាន ៧៧នាក់ជាកីឡាការិនី មកពី១៨ប្រទេសចូលរួម។ ប្រតិភូកម្ពុជា ចំនួន ០៥រូប ដែលមានលោក សុខ អាង គ្រូបង្វឹក និងជាប្រធានប្រតិភូ ដឹកនាំកីឡាការិនីចំនួន ០៤រូប ដែលមានកីឡាការិនី ប៉ែន ណារីតា កីឡាការិនី បងប្អូនត្រកូល ជ័រ ដែលមានជ័រ សិរីមរកត និងជ័រ សិរីម៉ូនិត្តា ប្រកួតក្នុងវិញ្ញាសានារីដាវកាប់ ឯតត្តជន និងក្រុម និងកីឡាការិនី សុវណ្ណា សាន់ដ្រា ប្រកួតក្នុងវិញ្ញាសានារីឯកត្តជន ដាវធំ។ ប៉ុន្ដែ កីឡាការិនី សាន់ដ្រា ពុំត្រូវបានអនុញ្ញាតឱ្យប្រកួតដោយសារពុំបានបង់ថ្លៃសមាជិកភាពអត្តពលិក ឆ្នាំ២០២៥។ ជាលទ្ធផលនៃការប្រកួត ក្នុងរយៈពេល ០៦ថ្ងៃ កីឡាការិនី ប៉ែន ណរីតា ទទួលបានចំណាត់លេខ ១៧ សម្រាប់វិញ្ញាសាឯកត្តជននារីដាវកាប់ ខណៈដែល បងប្អូន ត្រកូល ជ័រ ស្ថិតនៅចំណាត់ថ្នាក់លេខ ២៤ និង២៥។ ប៉ុន្ដែ កីឡាការិនីទាំង៣រូប ទទួលបានមេដាយសំរិទ្ធិ ០១គ្រឿង សម្រាប់វិញ្ញាសានារីដាវកាប់ជាក្រុម ដែលបានធ្វើឱ្យកម្ពុជា ឡើងមកឈរក្នុងចំណាត់ថ្នាក់លេខ៩ ពីការប្រកួតកម្រិតអាស៊ី ប្រចាំឆ្នាំ២០២៥នេះ៕   Cambodia Ranks Ninth at the 2025 Asian U-23 Fencing Championships — Fencing Federation of Cambodia https://www.camfencing.org/news/cambodia-ranks-ninth-at-the-2025-asian-u-23-fencing-championships  

អត្ថបទដោយ៖ cambodia-nation-media