កីឡាការិនីដាវកាប់ ប៉ែន ណារីតា ទទួលបានចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោមកីឡាការិនី ៣៦នាក់
ណារីតា ចាប់ផ្ដើមហ្វឹកហាត់កីឡាគុនដាវ នៅឆ្នាំ២០១៩ ដោយហាត់នៅក្លឹបសាលាវេស្ទើនអន្ដរជាតិ ហើយត្រូវបានជ្រើសរើសជាកីឡាការិនីជម្រើសជាតិនៅឆ្នាំ២០២២ ដែលមានលោកគ្រូ Bruno សញ្ជាតិបារាំងដឹកនាំបង្ហាត់ផ្ទាល់ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣។ ជាលទ្ធផល ណារីតា និងក្រុម ទទួលបានមេដាយសំរិទ្ធិ ១គ្រឿងសម្រាប់កម្ពុជា។ ក្រោយពេលការប្រកួតនេះ កីឡាការិនីរូបនេះ ក៏បានស្នើសុំសម្រាករយះពេល១ ឆ្នាំ ដើម្បីត្រៀមប្រឡងថ្នាក់ទី១២។ ការខំប្រឹងរបស់ណារីតា បានបង្កើតសមទ្ធផលមួយទៀតសម្រាប់ជីវិត និងគ្រួសាររបស់គាត់ គឺគាត់ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដោយទទួលបាននិទ្ទេស C។ ក្រោយប្រឡងចប់ ណារីតា បានស្នើសុំចូលរួមក្រុមជម្រើសជាតិវិញ ដើម្បីបន្ដការហ្វឹកហាត់គុនដាវ និងចូលរួមប្រកួតអន្ដរជាតិនានា។ ប៉ុន្ដែ ដោយលោកគ្រូបង្វឹករបស់គាត់បានចប់កិច្ចសន្យា និងទៅស្នាក់នៅប្រទេសផ្សេង ដូចនេះ គាត់មកដល់បច្ចុប្បន្ន ពុំទាន់មានគ្រូបង្វឹកប្រភេទដាវកាប់បង្ហាត់គាត់នោះទេ។
ការប្រកួតកម្រិតអន្ដរជាតិលើកនេះ ជាលើកទី២ សម្រាប់ណារីតា បន្ទាប់ពីត្រឡប់មកហ្វឹកហាត់វិញ ជាលទ្ធផល កីឡាការិនី នៅអាចត្រឹមរក្សាបច្ចេកទេសនៅដដែល បើទោះរយះពេល១ឆ្នាំកន្លងមកនេះ កីឡាការិនីរូបនេះ ពុំមានគ្រូជំនាញដាវកាប់បង្ហាត់ក៏ដោយ។ ណារីតា ប្រកួតក្នុងពូល ឈ្នះបាន២ប្រកួត ដោយយកឈ្នះកីឡាការិនី ម៉ាឡេស៊ី ៥ ទល់នឹង៣ និងកីឡាការិនីមកពីហ្វីលីពីន ៥ ទល់នឹង២ ដែលអាចឡើងដល់វគ្គ១/៣២។ ក្នុងវគ្គនេះ ណារីតា ជួបជាមួយកីឡាការិនី Chanita មកពីថៃ ចាញ់ ដោយពិន្ទុ ៥ ទល់នឹង១៥ ជាលទ្ធផល ទទួលបានចំណាត់លេខ១៧ ក្នុងចំណោមកីឡាការិនីទាំង២៥នាក់ ខណៈពេលសមាជិកក្រុមលើវិញ្ញាសាដាវកាប់ ២នាក់ទៀតពុំទទួលបានចំណាត់ថ្នាក់ល្អ ក្រោយពេលពួកគាត់ទើបប្ដូរវិញ្ញាសាបាន ៣ខែ មុនចេញមកប្រកួត និងជាលើកដំបូងបង្អស់ក្នុងការប្រកួតក្រៅប្រទេស ក្នុងកម្រិតអាស៊ី។ អ្នកទាំងបី ជាក្រុមនារីដាវកាប់ដែលហ្វឹកហាត់ដាក់គោលដៅ ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៧ នៅប្រទេសជប៉ុនឆ្នាំក្រោយ។ ជាបទបញ្ជានៃការប្រកួត កីឡាគុនដាវ មានវិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុម ដែលមានសមាជិក ពី៣ ទៅ៤នាក់។ ដូចនេះ ក្រុមនារីដាវកាប់កម្ពុជា មានសមាជិកចំនួន ៤នាក់ ដែលមាន៣នាក់បច្ចុប្បន្នហ្វឹកហាត់នៅកម្ពុជា។
លោក សុខ អាង ប្រធានប្រតិភូ និងជាគ្រូបង្វឹក បានឱ្យដឹងថា កីឡាករ កីឡាការិនី ត្រូវការបទពិសោធន៍ក្នុងការប្រកួតកម្រិតអន្ដរជាតិឱ្យបានច្រើន និងតាមចំនួនដែលកំណត់គោលដៅរបស់ខ្លួន។ ការហ្វឹកហាត់ដែលពុំមានការប្រកួតដកស្រង់បទពិសោធន៍ វារបាំងដ៏ធំរបស់កីឡាករមួយរូប ហាក់ដូចជាសិស្ស រៀនគណិតវិទ្យាអញ្ជឹង បើមិនធ្វើការប្រឡង ក៏មិនដឹងថាសមត្ថភាពរបស់ខ្លួនដល់កម្រិតណាដែរ ហើយក៏មិនដឹងថាពេលប្រឡងមធ្យមសិក្សាទុតិយភូមិ អាចធ្វើបាន ឬអាចទទួលបាននិទ្ទេសអ្វីដែរ។
ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីក្រោមអាយុ២៣ឆ្នាំ ឆ្នាំនេះ យើងសំណាងដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរ Air Asia និងរោងកុន Legend ទើបកីឡាការិនីប៉ែន ណារីតា និងសមាជិកក្រុម ៣រូបទៀតដែលមានបងប្អូនត្រកូលជ័រ (ជ័រ សិរីមរកត និងជ័រ សិរីម៉ូនិត្តា) និងកីឡាការិនី សុវណ្ណ សានដ្រា ទទួលបានឱកាសមកចូលរួមការប្រកួតមួយនេះ។ នេះ ជាការចាប់ផ្ដើមសម្រាប់ក្រុមនារីដាវកាប់កម្ពុជា និងសង្ឃឹមថា ក្រុមនេះ នឹងទទួលបានការជួយឧបត្ថម្ភសម្រាប់ការត្រៀមខ្លួនរបស់ពួកគាត់ទាំងការហ្វឹកហាត់ និងចូលរួមប្រកួតនានាទាំងក្នុងស្រុក និងក្រៅស្រុក៕
អត្ថបទដោយ៖ cambodia-nation-media