អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅរមណីយដ្ឋានអង្គរ

 កម្សាន្ត
 ២១ សីហា ២០២៥
 47

អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុង ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីថែរក្សាតំបន់អង្គរ សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស នៅស្នាក់ការកណ្ដាលអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ថ្លែងថា នេះជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០២៥ ដែល

អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានបានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន៤ដង។ ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដែលមន្រ្តី បុគ្គលិក និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាដែលធ្វើការជាប់ជាប្រចាំនៅក្នុង តំបន់រមណីយដ្ឋានអង្គរត្រូវយល់ដឹងពីការងារផ្សេងៗ ពិសេសផ្នែកបរិស្ថានដើម្បីរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្សឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះដែរ ក៏មានការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរចូលរួម មាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្ដាប់ធ្នាប់។ សិក្ខាសាលានេះមានការចូលរួមពីមន្រ្តី បុគ្គលិក និងភ្នាក់ងារទេសចរណ៍ និងសណ្ដាប់ធ្នាប់ សរុបជិត១០០នាក់៕

អត្ថបទដោយ៖ cambodia-nation-media