សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយ បង្គំថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មី

 កម្សាន្ត
 6 ថ្ងៃមុន
 61

សម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមព្រះរាជដំណើរសម្ដេចព្រះរាជបុត្រី ព្រះ

អនុជនរោត្តម អរុណរស្មី  និងអមដំណើរដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម លោកជំទាវ យាង និងអញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មីដែលទើបប្រទះឃើញ ដែលមានយកមកតម្កល់រក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។

ព្រះប្រតិមាអង្គថ្មីដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញក្នុងអគារសារមន្ទីរខេត្តកំពង់ធំក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ដើម្បីធ្វើការសម្អាត និងជួសជុល មុននឹងដាក់បង្ហាញម្ដងទៀត។

បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុងដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាសនិងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។ តាមទម្រង់ព្រះភក្រ្ត និងសំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ - ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១៕

អត្ថបទដោយ៖ cambodia-nation-media