ស្ត្រីទី១ កម្ពុជា ទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award”
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបាននូវពានរង្វាន់ “Smile Asia
Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ជូនដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសក្នុងតំបន់ និងអន្តរជាតិជាច្រើនរូបទៀត។
សូមបញ្ជាក់ជូនផងដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយ
ពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត
ក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេផងដែរ។ ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំ
ប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
អត្ថបទដោយ៖ cambodia-nation-media