ពលករខ្មែរ២នាក់ដែលផុសថា គ្មានការងារធ្វើ ឥឡូវទទួលបានការងារធ្វើហើយតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ធុក ជា ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែលមកដល់ខ្មែរមានការងារធ្វើ លោកឈប់គិតស្រមៃចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ ព្រោះនៅប្រទេសខ្មែរមានភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មានការចំណាយតិចលើទឹកភ្លើង ជាពិសេស នៅប្រទេសរបស់ខ្លួនឯងមានទំនុកចិត្ត និងមានភាពកក់ក្តៅ។
លោកនិយាយថា៖ «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែជួយប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រឡប់ចូលស្រុកមកវិញ។ សូមបងប្អូនដែលនៅថៃ វិលត្រឡប់ចូលស្រុកវិញព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»។
អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រាប់ថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិនឱ្យតម្លៃ ធ្វើទុកបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រឡប់មកវិញជារឿងល្អ ព្រោះមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។
អ្នកស្រីថា៖«នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ចង់ផ្តាំផ្ញើដល់បងប្អូនដែលនៅប្រទេសថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និងបងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមកពីប្រទេសថៃ»។
អត្ថបទដោយ៖ cambodia-nation-media