កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

 កម្សាន្ត
 ១៣ សីហា ២០២៥
 65

កឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធាន

ខ្សាច់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្ដីការក្រសួង ធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះផ្តោតលើចំណុចសំខាន់ចំនួន៣ គឺ ទី១)របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ទី២)ពិនិត្យ និងពិភាក្សាផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃការគ្រប់គ្រងធនធានខ្សាច់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងជួយថែរក្សាសុខភាព និងមុខងាររបស់ស្ទឹង ទន្លេ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ ជាពិសេសការទាញយកខ្សាច់ច្រើនហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ។

អត្ថបទដោយ៖ cambodia-nation-media