វេទិកាសាធារណៈដើម្បីស្តាប់សំណើរ សំណូមពរដោយផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាបទី១
ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជ

រដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញបើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វេទិកាខាងលើ ក្នុងគោលបំណងដើម្បីចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងអាចស្តាប់បាននូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា។

ឯកឧត្តម សោម ចំណាន បានធ្វើការផ្សព្វផ្សាយអំពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ១,៥លាននាក់ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានដឹង និងចូលរួមធ្វើការផ្សព្វផ្សាយបន្ត។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ។
អត្ថបទដោយ៖ cambodia-nation-media