ឯកឧត្តម ហួត ហាក់ អនុប្រធានកិត្តិយសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ ម៉ែន នារីវុឌ្ឍី អនុប្រធានកិត្តិយស
សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា និងសហការី ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពសមាគម ព្រមទាំងពិភាក្សាផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការជំរុញវិស័យអេកូទេសចរណ៍នៅតំបន់រតនគិរីតាមរយៈការអភិរក្សសត្វដំរីពូជក្នុងស្រុក នាទីស្តីការក្រសួង។
លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្ទីអំពីសកម្មភាពរបស់សមាគម ដែលរួមមានការចូលរួមចំណែកក្នុងការចិញ្ចឹមថែទាំអភិរក្សដំរីក្នុងស្រុកដែលនៅសល់ចុងគេបង្អស់ក្នុងខេត្តរតនគិរី
និងសមទ្ធិផលដ៏ល្អគឺអាចបង្កាត់កូនដំរីបាន ដែលបច្ចុប្បន្នសមាគម បានចិញ្ចឹមថែទាំដំរីទាំង៤ ក្បាល (ឈ្មោលពីរ ញីមួយ និងកូនដំរីមួយ)។ សមាគម ក៏បានចូលរួមចំណែកអភិវឌ្ឍអេកូទេសចរណ៍នៅក្នុងតំបន់ ដោយបានផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរទេសេរចណ៍កម្សាន្តក្នុងតំបន់ និងមកលេងជាមួយដំរី រួមទាំងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយដំរី ដើម្បីបង្កើតការយល់ដឹងរបស់ពួកគាត់។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ពិសេសកិច្ចអភិរក្សពូជដំរីក្នុងស្រុកដ៏កម្រ ដែលជាការរួមចំណែកដល់ការបង្កើតនូវផលិតផលទេសចរណ៍ថ្មី និងដែលមានតម្លៃបន្ថែម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា
ក្រសួងទេសចរណ៍ មានក្តីសោមន្សក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយពីការអភិរក្សពូជដំរី និងសក្តានុពលទេសចរណ៍បែបអេកូទេសចរណ៍ក្នុងតំបន់ដែលសមាគមកំពុងអភិរក្ស ដើម្បីទាក់ទាញការយល់ដឹង និងចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ទិសទីចូលរួមអភិរក្សសត្វដំរី និងសត្វព្រៃទាំងអស់ ព្រមទាំងការជួយថែរក្សាតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រងរបស់កម្ពុជានាភាគឥសានជាតំបន់អេកូទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាប័ន្ន៕
អត្ថបទដោយ៖ cambodia-nation-media