ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជូនដំណឹងបន្ទាន់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅប្រទេសជប៉ុនពី​ការព្រមាននៃការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Kirishima នៃខេត្ត Kagoshima

 កម្សាន្ត
 0 ម៉ោងមុន
 21

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សូមអនុញ្ញាតជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងបន្ទាន់ អំពីការមានភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ​ ក្នុងទីក្រុង Kirishima នៃខេត្ត Kagoshima។ 

ការធ្លាក់ភ្លៀងខ្លាំង អាចនឹងបង្កនូវគ្រោះមហន្តរាយផ្សេងៗ​ ដូចជា​ ការបាក់ដី ទឹកជំនន់ និងមានការផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋាន Kagoshima។ អាជ្ញាធរមូលដ្ឋានបានអំពាវនាវឲ្យប្រជាជនគួរតែនៅក្នុងទីជម្រកមានសុវត្ថិភាព ដោយជៀសវាង ការរស់នៅជិត ច្រាំងថ្មចោទ និង ជម្រាលភ្នំ ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។

ទីភ្នាក់ងារឧតុនិយមជប៉ុនរំពឹងថា បរិមាណទឹកភ្លៀងនឹងអាចកើនរហូតដល់ ២០០ មីលីម៉ែត្រនៅភាគខាងត្បូង Kyushu និង ១២០ មីលីម៉ែត្រនៅភាគខាងជើង Kyushu នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដូចបានជម្រាបជូនខាងលើ ដែលអាចនឹងរងផលប៉ះពាល់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយជៀងវាងការធ្វើដំណើរដោយពុំចាំបាច់។ 

ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ 080 4689 9374។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះ៕

អត្ថបទដោយ៖ cambodia-nation-media