អាជ្ញាធរមីនកម្ពុជា ស្នើ​សុំ Norwegian People’s Aid ជួយធ្វើ​យុទ្ធនាការ ជាសកល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ

 កម្សាន្ត
 ០៦ សីហា ២០២៥
 48

នាព្រឹកថ្ងៃទី​០៦​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​​ ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​អនុញ្ញាត​ឱ្យ​ លោក Hans Risser​ នាយក​​អង្គការ​ជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំ​កម្ពុជា ចូលជួបពិភាក្សាការងារ​។

ឯកឧត្តម លី ធុជ បាន​លើកឡើងថា ក្នុង​ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨

ខែ​កក្កដា​ ឆ្នាំ២០២៥​ កន្លងនេះ​ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោក​ហាមប្រាម ក្នុងនោះរួមទាំង​ការ​ប្រើប្រាស់​គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពាន​មកលើទឹកដីប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត បន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ទៀតផង។

តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​​ បាន​ស្នើ​សុំ​ឱ្យ​អង្គការ​ NPA នៃ​ប្រទេស​ន័រវេស​ គាំទ្រ​កម្ពុជា​ និង​ជួយ​ធ្វើ​យុទ្ធនាការជាសកល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ​ មក​លេី​ប្រទេស​កម្ពុជា​។

អត្ថបទដោយ៖ cambodia-nation-media