ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាកម្ពុជាប្រឈមនឹងសង្រ្គាមឈ្លានពានកងទ័ពថៃនៅជួរមុខក៏ដោយ
ក៏កងកម្លាំងនគរបាលជាតិនៅជួរក្រោយត្រូវតែបន្តពង្រឹងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ការថ្លែងនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងរំឭកដល់កងកម្លាំងនគរបាលទាំងអស់ឱ្យបន្តបំពេញតួនាទីស្នូលរបស់ខ្លួនក្នុងការការពារសុវត្ថិភាព និងធានាបាននូវភាពសុខសាន្តរបស់សង្គមជាតិទាំងមូល។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆមាសទី០១ ឆ្នាំ២ឥ២៥ និងលើកទិសដៅទី០២ របស់រដ្ឋបាលខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី០៤ ខែសីហានេះ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា៖ «ជួរមុខដែលជាទ័ពការពារបូរណភាព

ទឹកដីកំពុងតែត្រៀមប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង ដូច្នេះជួរក្រោយដែលជាកម្លាំងនគរបាលជាតិត្រូវតែធ្វើឱ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការរក្សាសន្តិសុខនៅផ្ទៃក្នុងគឺជាកាតព្វកិច្ចដ៏សំខាន់ ដែលជួយឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ»។

ឯកឧត្តម ម៉ក់ ជីតូ ក៏បានណែនាំដល់លោកមេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដែលមានវត្តមានកិច្ចប្រជុំនេះ
ត្រូវពង្រឹងការល្បាត ដោយបង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីទប់

ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើសដូចជា៖ ចោរកម្ម ប្លន់ លួច គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានអសន្តិសុខ សហការជាមួយប្រជាពលរដ្ឋ ដោយត្រូវបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យពួកគេចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាពសហគមន៍ ជាពិសេសត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ឬបញ្ហាប្រឈមណាមួយដែលកើតឡើងនៅក្នុងសង្គម។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបន្ថែមថា សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តរបស់សង្គម និងជាកត្តាចម្បងមួយដែលជួយឱ្យរដ្ឋាភិបាលអាចដឹកនាំប្រទេសបានយ៉ាងរលូន។ ដូច្នេះ កងកម្លាំងនគរបាលជាតិត្រូវចាត់ទុកការងារនេះជាអាទិភាពខ្ពស់បំផុត និងអនុវត្តដោយមានការទទួលខុសត្រូវ វិជ្ជាជីវៈ និងសីលធម៌ល្អ ហើយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕
អត្ថបទដោយ៖ cambodia-nation-media