សហជីពនៅកម្ពុជាគ្រប់និន្នាការថ្កោលទោសថៃ និងអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន

 កម្សាន្ត
 1 ថ្ងៃមុន
 183

សហជីពនៅកម្ពុជាគ្រប់និន្នាការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើទង្វើដ៏អាក្រក់របស់ថៃដែលបានបើកការវាយប្រហារមុនមកលើកកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានោះ សហជីពនៅកម្ពុជាអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការសូមគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា៖«យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ

ទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។នេះជាការបង្ហាញថ្មីមួយទៀតពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា»។

ទន្ទឹមនោះ លោក ហង្ស រ៉ាវី ប្រធានសហពភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា៖«ខ្ញុំសូមថ្កោលទោសប្រទេសថៃ ដែលបិទប្រាសាទតាមាន់មិនឱ្យប្រជាពលរដ្ឋចូល ជាពិសេស បានបាញ់មកលើកម្ពុជានាព្រឹកមិញនេះមុន ហើយកម្ពុជាយើងមានសិទ្ធិក្នុងការការពារខ្លួន ក៏ដូចជា វាយបកដើម្បីការពារបូរណភាពទឹកដី ការពារជាតិ ក៏ដូចជាការពារពលរដ្ឋនៅតាមក្រវាត់ព្រំដែន»។

រីឯ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា៖«ខ្ញុំសូមថ្កោលទោស ចំពោះ មេដឹកនាំថៃ ដែលបានបញ្ជាឱ្យកងទ័ពខ្លួនបាញ់មកកម្ពុជាមុន។នេះជាអំពើព្រៃផ្សៃណាស់ មនុស្សក្នុងលោកគេមិនចង់បាន ហើយគេស្អប់ខ្ពើមណាស់»។

ជាមួយគ្នានោះសហជីពនៅកម្ពុជាគ្រប់និន្នាការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ មេត្តារួបរួមពួតដៃគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល លើកទឹកចិត្តបងប្អូនកងទ័ព ក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិខ្មែរតែមួយ៕

អត្ថបទដោយ៖ cambodia-nation-media