កម្ពុជា-ជប៉ុន បើកទំព័រកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យបរិស្ថានតាមផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល
ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានលើបច្ចេកវិទ្យាផ្កាយ រណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែ ប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដី នៅទីស្តីការក្រសួងបរិស្ថាន។
លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXAបានបង្ហាញសមត្ថភាពដ៏ទំនើបរបស់ ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមាន ផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។ ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី

(Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ ម៉ែត្រ អាចកំណត់ប្រភេទដីបានរហូតដល់ទៅ ១៥ប្រភេទ ដូចជាប្រភេទដីទីក្រុង វាលស្រែ ព្រៃឈើ និងវាលស្មៅជាដើម។ លើសពីនេះ ការត្រួតពិនិត្យការបំភាយមេតានពីវាលស្រែ (Methane Emission Monitoring) តាមរយៈការតាមដានកម្រិតទឹកក្នុងវាលស្រែ គឺជាផ្នែកមួយបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ JAXA និងគាំទ្រចំពោះបច្ចេកវិទ្យាផ្កាយរណបជប៉ុន ក្នុងការប្រមូលទិន្នន័យបរិស្ថាន ទុកជាឃ្លាំងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធផ្កាយរណបនាពេលបច្ចុប្បន្ន។ និងគាំទ្រឱ្យ JAXA ក្លាយជាភ្នាក់ងារផ្ទៀងផ្ទាត់ឥណទានកាបូន នៅតំបន់អាស៊ាន ដើម្បីជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់កម្ពុជា លើការងារផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរវាង ៦ខែម្តង ឬតិចជាងនេះ
នៅក្នុងការពិនិត្យ និងវាយតម្លៃការបាត់បង់ព្រៃឈើ និងការស្រូបយកកាបូន សម្រាប់ព្យាករណ៍លើការដាំដុះឡើងវិញ ឱ្យបានសមស្រប និងសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យ JAXA កំណត់អត្តសញ្ញាណកោះមួយនៅកម្ពុជា និងប្រែក្លាយឱ្យទៅជា កោះអព្យាក្រឹតកាបូនដំបូងគេនៅក្នុងតំបន់អាស៊ាន ដោយ JAXA វាយតម្លៃសមត្ថភាពស្រូបយកកាបូន និងប៉ាន់ប្រមាណលើចំនួនដាំស្តារដើមឈើ បន្ថែម ដើម្បីបង្កើត ទីផ្សារឥណទានកាបូន នៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យសំខាន់ៗផ្សេងទៀតដូចជា ថាមពល ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់ជាដើម៕
អត្ថបទដោយ៖ cambodia-nation-media