ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីកម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី

 កម្សាន្ត
 2 ថ្ងៃមុន
 43

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងនាមក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេ ខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋា ភិបាលនៃប្រទេសហុងគ្រី អំពីបេសកកម្មរបស់ក្រសួងតាមរយៈការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ និងគោលនយោបាយពាក់ព័ន្ធ ព្រមទាំងច្បាប់ស្តីពីការងារ ដែលជាការចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

លោកជំទាវ បានរំលឹកអំពីតម្លៃនៃសន្តិភាពនៅកម្ពុជា និងមោទនភាពជាតិខ្មែរ ដោយបានផ្តាំផ្ញើដល់និស្សិតជ័យលាភីឱ្យមានភាពក្លាហានក្នុងការចូលរួមនិងថែរក្សាសាមគ្គីភាពជាតិខ្មែរ ទោះបីជានៅក្នុងប្រទេស ឬនៅបរទេសក៏ដោយ ដើម្បីបន្តផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តពិត ប្រពៃណីដ៏ល្អ វប្បធម៌ដ៏ផូរផង់ និង វឌ្ឍនភាពសង្គមកម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញនូវការវិនិយោគបរទេស បន្ថែមទៀត។

លោកជំទាវក៏បានលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធពីបរទេសត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ជាពិសេស សម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

អត្ថបទដោយ៖ cambodia-nation-media