ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញខណៈដែលឱកាសការងាររ៉ាប់ម៉ឺនកន្លែងកំពុងរង់ចាំ
ស្របនឹងការផ្សព្វផ្សាយស្តីពីការធ្វើទុក្ខបុកម្នេញនៅប្រទេសថៃចំពោះពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀត ទៅដល់ពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញដោយស្វែងរកឱកាសការងារក្នុងស្រុកជំនួស។

ការអំពាវនាវជាថ្មីនេះគឺធ្វើឡើងស្របពេលដែលមានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនថា ពលរដ្ឋខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់ត្រូវបានថៅកែក្នុងប្រទេសថៃធ្វើទុក្ខបុកម្នេញដូចជា ផ្តាច់ការផ្គត់ផ្គង់ទឹក-ភ្លើង និងមិនបើកប្រាក់ខែឱ្យជាដើម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការដោយគ្មានការធ្វើបាប ឬរំលោភបំពានឡើយ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ “ឱកាសការងារនៅកម្ពុជាមានប្រមាណជាង ២៥ម៉ឺនកន្លែងជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ”។

បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។
អត្ថបទដោយ៖ cambodia-nation-media