អាជ្ញាធរមីននិងសាកលវិទ្យាលេន កាហ្សៀរ ចុះអនុស្សារណ: អភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក

 កម្សាន្ត
 3 ថ្ងៃមុន
 74

ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះ

អនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿន បង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះ ដឹង និងនាំមកនូវការចាប់ អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។

លោកសាស្រ្តាចារ្យ Darren Anzell បានបង្ហាញ មោទនភាពក្នុងការចូលរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជាលើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មីសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ច សហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០៕

អត្ថបទដោយ៖ cambodia-nation-media