ក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរ ក្លាយជាម្ចាស់ជើងឯក រាជធានីភ្នំពេញ អាយុក្រោម ១៦ឆ្នាំ ប្រចាំឆ្នាំ២០២៥

 កម្សាន្ត
 3 ថ្ងៃមុន
 53

បន្ទាប់ពីបើកការប្រកួតប្រជែងយ៉ាងស្វិតស្វាញទាំង១០ក្រុម នៅម៉ោង ១០ព្រឹក ថ្ងៃទី២២ កក្កដា នេះរកឃើញម្ចាស់ជើងឯកពានរង្វាន់បាល់បោះរាជធានីភ្នំពេញ យុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំឆ្នាំ២០២៥ ដោយម្ចាស់ជើងឯកបានទៅក្រុមម្ចាស់ផ្ទះ វិទ្យាល័យព្រះយុគន្ធរ បន្ទាប់ពីយកឈ្នះក្រុមមកពីសាលា AIS ម៉ៅសេទុង ដោយលទ្ធផលប្រដេញគ្នា ៤៣ ទល់នឹង៣៧ នៅវគ្គផ្តាច់ព្រ័ត្រដែលប្រារព្ធធ្វើឡើងនៅទីលានបាល់បោះវិទ្យាល័យព្រះយុគន្ធរ។

រីឯកក្រុមកពីសាលា AIS ម៉ៅសេទុង ឈរលេខ២ និងលេខ៣ បានទៅក្រុមមកពីវិទ្យាល័យជាស៊ីសន្ធរម៉ុក ហើយលេខ៣ស្ទួន បានទៅក្រុមសាលា AIS ចាក់អង្រែ។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានចាត់ទុកព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់បោះថ្នាក់រាជធានី អាយុក្រោម១៦ឆ្នាំនេះ ជាចលករក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុក ចន្ថា ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចសហការរបស់មន្រ្តីប្រតិភូនៅតាមសាលារៀនក្នុងការដឹកនាំកីឡករចូលរួមប្រកួត ដែលបង្ហាញពីការលើកស្ទួយវិស័យកីឡានៅកម្ពុជា។ បន្ថែមពីលើនោះទៀតមន្រ្តីផ្នែកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាដដែលក៏បានលើកសរសើរចំពោះទឹកចិត្តកីឡាករថ្នាលអាយុក្រោម១៦ឆ្នាំលះបង់កម្លាំងកាយចិត្ត​ពេលវេលា ចូលរួមលេងកីឡា ដែលស្របតាមពាក្យស្លោកមួយពោលថា «មនុស្សម្នាក់ត្រូវលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

ដោយមើលឃើញពីការគាំទ្រ នៃវិស័យកីឡាបាល់បោះពីមហាជនជាច្រើននាក់ក្នុងព្រះរាជាណាចក្រកម្ពុជា លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានសំណូមពរទៅកាន់យុវជនដែលឈរស្តាប់នៅមុខវេទិកាឱ្យបន្តចូលរួមលេងកីឡា ដើម្បីជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ ថ្លែងមុនបញ្ចប់កម្មវិធី លោក អ៊ុក ចន្ថា ក៏បានផ្តាំផ្ញើដល់កីឡាករយុវជនអាយុក្រោម១៦ឆ្នាំឱ្យបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីមនាឱកាសក្លាយទៅជាកីឡាករអាជីព និងមានសមត្ថភាពចូលលេងតំណាងជាតិ លោក ចន្ថា ក៏អំពាវនាវឱ្យយុវជនក្តាប់ឱ្យបាននូវការគោរពគ្នាទៅវិញទៅមក សាងមិត្តភាព សាមគ្គីភាព ក្នុងនាមជាខ្មែរ ជៀសវាងការបង្ករអស្ថេរភាពក្នុងពេលប្រកួតផ្សេងៗ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះ យុវជនអាយុក្រោម ១៦ឆ្នាំ ជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ មានប្រតិភូ គ្រូបង្វឹក កីឡាករចំនួន ១៥០នាក់មកពីសាលាចំនួន១០ ចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍ប្រកួតខាងលើនេះធ្វើឡើងមានរយៈពរល០៧ថ្ងៃគិតចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានបាល់បោះ វិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media