យុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»សម្រេចបានជាង៩៤% លើផ្លូវជាតិគោលដៅសម្រាប់ឆមាសទី១ ឆ្នាំ២០២៥
សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គម។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤% នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

អ្នកនាំពាក្យក្រសួងបរតិស្ថាន បានបន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម ថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹង

ទទួលបានភាពស្អាត នៅក្នុងចុងឆ្នាំ២០២៥ ខណៈពេលផ្លូវជាតិចំនួនជាង៧៥% ស្មើនឹងប្រមាណ៤ ៧២៥ គម នៃចំនួនផ្លូវដែលបានសម្អាត មានស្ថានភាពស្អាតល្អ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុប នៅកម្ពុជាមានចំនួន ៩៥០ ឃុំ/សង្កាត់ ក្នុងនោះឃុំ/សង្កាត់ចំនួន ៨៩៥ បានចូលរួម ក្នុងយុទ្ធនាការ «ផ្លូវជាតគ្មានសំរាម និងសំណល់ប្លាស្ទិក» និងមានអ្នកចូលរួមសរុបចំនួន ២៦៣ ៥៥២ នាក់ ព្រមទាំងបានប្រមូលទុកដាក់សំណល់បានចំនួនជាង ៣៤៥តោន។

អត្ថបទដោយ៖ cambodia-nation-media