អតីតយុទ្ធជន ខេត្តកំពង់ធំ អបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធាន

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រៀបចំពិធីអបអរសាទរ បូជនីយដ្ឋានចងចាំ នៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិដងក្តា ដែលជាទីតាំងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាមជាច្រើននាក់ បានចូលរួម អបអរសាទរផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសារលិខិតលេខ៣២.សរល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះបញ្ជីបូជនីដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព នៅក្នុងបញ្ជីបិតិកភណ្ឌពិភពលោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយជូនបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារអតីតយុទ្ធជនពលី បានជ្រួតជ្រាបអំពីជោគជ័យនៃការចុះបញ្ជីបិតិកភណ្ឌពិភពលោករបស់កម្ពុជា នៅពេលនេះ ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ព្រមទាំងអតីតយុទ្ធជននៅក្នុងភូមិអតីតយុទ្ធជនទាំងអស់ បានទូងស្គរ វាយជួង ក្រវីទង់ជាតិ ទង់សាសនា ព្រះមហាក្ស ដើម្បីអបអរសាទរយ៉ាងភ្លៀវក្លាក្នុងការចុះបញ្ជី បូជនីយដ្ឋានចងចាំ នៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក យ៉ាងអធឹកអម និងរីករាយក្រៃលែង៕
អត្ថបទដោយ៖ cambodia-nation-media