ពិធីបើកសិក្ខាសាលាស្តីពីការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025)
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្តរជាតិរង្វាយ តម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងមន្ត្រីអប់រំជាច្រើនរូប។
ការអនុវត្តកម្មវិធី PISA មានគោលបំណង៖ ១).វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជា អាយុ១៥ឆ្នាំ នៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិន លើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល ដែលលទ្ធផលអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក ២).សិក្សាអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ កត្តាសង្គម-សេដ្ឋកិច្ច កត្តាគ្រួសារ កត្តាគ្រូបង្រៀន កត្តាសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា ពោលគឺជា ការវាយតម្លៃលើស្ថានភាពនៃប្រព័ន្ធអប់រំកម្ពុជាទាំងមូល ៣).កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សា និង៤).ផ្តល់ជាភស្តុតាង និងទិន្នន័យអំពីកម្រិតសមត្ថភាពសិស្សអាយុ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទដោយ៖ cambodia-nation-media