ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រុមគ្រួសារបរិស្ថានចាត់ទុកបងប្អូនសមរភូមិមុខទាំងអស់គឺជាសាច់ឈាមតែមួយនៃមហាគ្រួសារខ្មែរទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែទ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពី សម្តេចតេជោ ហ៊ុន សែន និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែយើងកើតជាកូនខ្មែរតែមួយ ជាតិតែមួយ សុខទុក្ខរបស់ បងប្អូនគឺជាសុខទុក្ខរស់យើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះរៀមច្បងទាំងអស់ និងកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនមិនឱ្យមានការខ្វះខាតឡើយ ។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏សូមធ្វើការបួងសួងដល់វត្ថុសក្ត័សិទ្ធទាំងអស់នៅលើលោកសូមឱ្យជួយថែរក្សាបងប្អូនកងកម្លាំងទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវ ដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង យកផ្ទះរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែល របស់ស្ថាបនិក អគ្គមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តន៍ឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
អត្ថបទដោយ៖ cambodia-nation-media