អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥

 កម្សាន្ត
 ០៦ មិថុនា ២០២៥
 27

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ បានប្រារព្ធ​ពិធី​អបអរសាទរ​ពិធី​សំខាន់ៗ​ចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវា​ពិភពលោក​ប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅគ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាង​អន្តរ​ក្រសួង​ស្ថាប័ន​នៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យ​ឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។

ថ្លែងនៅក្នុងអង្គពិធី លោកជំទាវប្រចាំការ បានគូសបញ្ជាក់ថា ការ​លុប​បំបាត់​ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​ដ៏សំខាន់​នៅក្នុង​ការ​អនុវត្ត​អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញា​ស្នូលទាំង​ប្រាំបី​របស់​អង្គការ​អន្តរជាតិ​ខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តម​ប្រយោជន៍​សម្រាប់​កុមារ លើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។

អត្ថបទដោយ៖ cambodia-nation-media