លោក យាន គីស៊ីវុត្ថា៖ «៩៧ភាគរយ នៃសិក្ខាកាម ១៤០នាក់ បានបញ្ចប់វគ្គសិក្ខាសាលាដោយជោគជ័យ»
នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការរៀបចំទ្រឹស្តីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ កីឡាជម្រើសជាតិ និងកីឡាថ្នាល” ដែលបានបញ្ចប់ដោយជោគជ័យ។
យោងតាមរបាយការណ៍លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា ការសិក្សាវគ្គសិក្ខាសាលាខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី០២ ដល់ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ចំនួន ៤០ប្រភេទកីឡា និង០១ក្រុមកីឡាជនមានពិការភាព ដែលជាគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាជម្រើសជាតិ និងកីឡាថ្នាល២០២៥ សិក្ខាកាមចូលរួមចំនួន៩៧ភាគរយ នៃសិក្ខាកាមចំនួន១៤០នាក់ ដែលមានក្នុងឧទ្ទេសនាមសិក្ខាសាលា និងមានគ្រូឧទ្ទេសចំនួន ០៧នាក់លើមុខវិជ្ជាចិត្តសាស្រ្តកីឡា, ការព្យាបាលដោយចលនា និងស្តារនីតិកាយសម្បទា, អាហារូបត្ថម្ភ និងសុវត្ថិភាព ចំណីអាហារ ផ្នែកសង្គ្រោះបឋមក្នុងពេលហ្វឹកហាត់ និងពេលប្រកួត។
ប្រធានមជ្ឈមណ្ឌលជាតិបន្តថា៖«វគ្គសិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹងលោកគ្រូអ្នកគ្រូ និងចែករំលែកបទពិសោធន៍ថ្មីៗ ដល់សិក្ខាកាមដែលជាគ្រូបង្វឹក ក្នុងការរៀបចំផែនការបង្ហាត់ដល់អត្តពលិកក្រុមកីឡាថ្នាល និងកីឡាជម្រើសជាតិឱ្យទទួលបានគុណផលខ្ពស់ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា»៕
អត្ថបទដោយ៖ cambodia-nation-media