មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ នៅក្រុងស្ទឹងសែន ០៦គ្រួសារ

 សង្គម
 ០៨ មេសា ២០២៥
 278
ខេត្តកំពង់ធំ៖ ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋចំនួន ០៦គ្រួសារ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ បានចាត់តាំងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន ដឹកនាំសហការីនាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនពួកគាត់ ដើម្បីជួយដោះស្រាយសម្រាលនូវការលំបាកខ្វះខាត។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ តំណាងឲ្យឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី នៃរដ្ឋបាលក្រុងស្ទឹងសែន និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នេះឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងជួបតែពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យូរ និងត្រីខកំប៉ុង ចំនួន ០១យួរផងដែរ។
ពលរដ្ឋទាំង ៦គ្រួសារដែលមានជីវភាពលំបាកខ្វះខាតក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់ដែលកំពុងមានការលំបាកខ្វះខាតនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ នឹងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រម​ទាំង​សហការី​ ឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដោយ៖ cambodia-nation-media